កីឡា

គ្រាប់​ទី ១០០ របស់ Rashford ជួយ​ឱ្យ​​ Man United ឈ្នះ West Ham

កីឡាករ Marcus Rashford បានសារភាពថា គ្រាប់ទី១០០ របស់ខ្លួន សម្រាប់ក្លិប Manchester United គឺជាពេលវេលាដ៏ស្រស់បំព្រង​បំផុត នៅពេលដែលខ្សែប្រយុទ្ធសញ្ជាតិ​អង់គ្លេសរូប​នេះ បានជួយ​ឱ្យ​ក្រុម​បិសាចក្រហម​មាន​ជ័យ​ជម្នះ ១-០ លើ​ក្រុម West Ham កាលពីថ្ងៃអាទិត្យ។

Rashford គឺជា​​ម្នាក់​ក្នុងចំណោម​កីឡាករ ​ដែល​​ល្អ​ប្រសើរ​ឡើង​វិញ​ ​ក្នុង​រដូវ​កាល​នេះ បន្ទាប់ពី​ជួប​នូវ​ភាព​លំបាក​លំបិន​​ជាច្រើន​ឆ្នាំ​។ ប៉ុន្តែកីឡាករវ័យ ២៤ឆ្នាំ នៅតែមិនទាន់​ធានាបាននូវ​កៅអី សម្រាប់​ដំណើរ​ហោះហើរ​របស់​ក្រុម​ជម្រើស​ជាតិអង់គ្លេសទៅកាន់ប្រទេសកាតា ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​បាល់ទាត់ពិភពលោក (World Cup) ក្នុងខែវិច្ឆិកានោះ​ឡើយ។

កីឡាករ Rashford ដែលត្រូវបាន​ដក​ឈ្មោះ​ចេញ​ពីក្រុម​អង់គ្លេស សម្រាប់​កម្មវិធី​ Nations League ថ្មីៗកន្លង​ទៅនេះ បានឆក់​ឱកាស ដើម្បី​រំឭក​គ្រូបង្វឹករបស់​ក្រុមតោកំណាច លោក Gareth Southgate ពីគុណសម្បត្តិរបស់ខ្លួន ដោយ​ការបង្ហាញនូវ​ទម្រង់​លេង​ ដែល​លេច​ឡើង​យ៉ាង​ជាក់​ច្បាស់ជាមួយ​នឹង​គ្រាប់​បាល់​ជ័យ​ជម្នះ ក្នុង​ហ្គេម ​នៅកីឡដ្ឋាន Old Trafford។

ដោយ​មាន​លោក​ Southgate កំពុង​អង្គុយ​មើលពីវេទិកា គ្រាប់បាល់ទី ៧ របស់កីឡាករ Rashford គិត​ក្នុងការប្រកួត នៅ​គ្រប់​កម្មវិធី​ទាំងអស់ នារដូវកាលនេះ បានកើត​​ឡើង ​ក្នុង​ពេល​ពេលវេលាយ៉ាងល្អឥតខ្ចោះ មុនពេលអ្នកចាត់ការរបស់​ក្រុមអង់គ្លេសបញ្ចេញ​ឈ្មោះកីឡាករក្នុងក្រុមរបស់គាត់ សម្រាប់​ព្រឹត្តិការណ៍ World Cup។

ក្រោយ​ចប់​ការប្រកួត​នេះ កីឡាករ Rashford បាននិយាយថា៖ «វាជាអារម្មណ៍ដ៏ស្រស់ថ្លា​។ វាវិល​វល់​នៅក្នុងគំនិតរបស់ខ្ញុំជានិច្ច សម្រាប់​ ២-៣ ហ្គេមចុងក្រោយនេះ។ ខ្ញុំទន្ទឹងរង់ចាំឱ្យវា (គ្រាប់​បាល់​) កើតឡើង ហើយអរគុណ ដែលធ្វើបាន​នៅថ្ងៃនេះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវការរកគ្រាប់បាល់បែបនោះបន្ថែម​ទៀត ហើយបន្តធ្វើ​ឱ្យ​សម្រេច ក្នុងតំបន់ទាំងនោះ»។

ដោយ​សារ​ការ​លោត​តែត​បញ្ចូល​ទី​យ៉ាង​ស្អាត​របស់​ Rashford ជាកីឡាករទី២២  ដែលស៊ុតបញ្ចូលទីបាន ១០០គ្រាប់ សម្រាប់ក្រុម Man United និង​ការសង្គ្រោះដ៏អស្ចារ្យជាបន្តបន្ទាប់របស់​អ្នកចាំ​ទី David De Gea ទើប​ក្រុមរបស់ Erik Ten Hag មាន​ឱកាស​ឡើងដល់លេខ ៥ ក្នុងតារាង​ពិន្ទុ​នៃ​ក្របខ័ណ្ឌ Premier League។

ដោយ​​មិនចាញ់សោះក្នុងការប្រកួត ៨លើកចុងក្រោយរបស់ពួកគេ គិត​ក្នុងការប្រកួត នៅ​គ្រប់កម្មវិធីទាំងអស់ ឥឡូវ​នេះ ក្រុម Man United មានគម្លាត ១ពិន្ទុតាមពីក្រោយក្រុមលេខ​​៤ Newcastle ក្នុងការប្រកួតប្រជែង ដើម្បីដណ្ដើម​សិទ្ធិ​ទៅ​លេង នៅក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ៕