សេដ្ឋកិច្ច

កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន​ឆ្នាំ​២០២២ ដើមខែ​ក្រោយ​

​ភ្នំពេញ​៖ សភាពាណិជ្ជកម្ម​កម្ពុជា សហការ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន​ឆ្នាំ​២០២២ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា ។​

​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រធានាធិបតី នាយករដ្ឋមន្ត្រី ធុរជន ក៏ដូចជា អ្នកជំនាញ មកពី​ប្រទេស​អាស៊ាន និង​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ កិច្ចប្រជុំ​នេះ គឺជា​វេទិកា ដ៏​សំខាន់​សម្រាប់​សហគមន៍​ធុរកិច្ច ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​និង​ប្រធាន​ក្រុមហ៊ុន អំពី​ការដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន​ឆ្នាំ​២០២២ ទទួលបាន​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត​ដោយ​សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​នៃ​កម្ពុជានិង​ជា​ប្រធាន​អាស៊ានអញ្ជើញ​ជា​គណៈអធិបតី និង​ថ្លែង​សុន្ទរកថា​បើក កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន នៅ​ថ្ងៃទី​១០ ​ខែវិច្ឆិកាឆ្នាំ​២០២២ វេលា​ម៉ោង ៨៖៣០​នាទី​ព្រឹក នៅ​ស​ណ្ឋ​គារសូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម ពី​ថ្នាក់​ដឹកនាំ​អាស៊ាន ឥស្សរជន​ជាន់ខ្ពស់​ប្រទេស​អាស៊ាន​និង​ដៃគូ​អាស៊ាន ស្ថានទូត​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន ធុរជន​ជាតិ​និង​អន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្ម​រាជធានី​-​ខេត្ត សភាពាណិជ្ជកម្ម​អន្តរជាតិ សមាគម​ពាណិជ្ជកម្មដៃគូ​អភិវឌ្ឍន៍និង​តំណាង​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធប្រមាណ​ជាង១០០០នាក់នៅ​ទីតាំង​ពិធីនិង​ប្រព័ន្ធ​អន​ឡាញ​៕ដោយៈសិរីមតី