កីឡា

Howe បដិសេធព័ត៌មាន ក្នុងការបន្លាយកិច្ចសន្យាជាមួយ Almiron

អ្នកចាត់ការរបស់ក្រុម Newcastle United លោក Eddie Howe បានច្រានចោលពាក្យចចាមអារ៉ាម ដែលថា ក្លិបបកំពុងរៀបចំត្រៀមបន្លាយកិច្ចសន្យាជាមួយខ្សែបម្រើ Miguel Almiron ហើយបញ្ជាក់សារជាថ្មី នាពេលនេះ ផ្តោតអារម្មណ៍តែលើការប្រកួត នៅចំពោះមុខតែប៉ុណ្ណោះ។

លោក Howe ដែលត្រូវដឹកនាំក្រុមសារិការព្រៃ តទល់ជាមួយក្រុម Aston Villa នៅទឹកដីខ្លួន ក្នុងការប្រកួត នៅក្របខ័ណ្ឌ Premier League នាថ្ងៃសៅរ៍នេះ បានទទូចថា នៅមិនទាន់មានការពិភាក្សាណាមួយលើកិច្ចសន្យាថ្មីជាមួយខ្សែបម្រើប្រយុទ្ធ Almiron នោះទេ។

បច្ចុប្បន្ន កីឡាករ Almiron មានកិច្ចសន្យាជាមួយក្លិប នៅទឹកដី St James’ Park រហូតដល់រដូវក្តៅឆ្នាំ២០២៤ ប៉ុន្តែថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ក្លិប Newcastle កំពុងត្រៀមស្នើ កិច្ចសន្យាច្បាប់ថ្មីឱ្យសាមីខ្លួនពិចារណា ក្រោយចប់រដូវកាលនេះ បន្ទាប់ពីកីឡាករអន្តរជាតិប៉ារ៉ាហ្គាយវ័យ ២៨ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងគួរឱ្យចាប់អារម្មណ៍ តាមរយៈការស៊ុតបញ្ចូលទីបាន ៦គ្រាប់ ក្នុងចំណោមការចូលលេងហ្គេមលីគចំនួន ១២លើក។

យ៉ាងណាក្ដី លោក Howe បានចេញមុខមកបញ្ជាក់ពីបញ្ហានេះ ដោយគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ បាននិយាយ កាលពីថ្ងៃសុក្រថា៖ «ខ្ញុំពិតជាមិនបានដឹងថា ព័ត៌មាននេះ ចេញមកពីណានោះទេ។ ខ្ញុំតែងតែនិយាយថា Almiron គឺជាកីឡាករ ដែលខ្ញុំពេញចិត្ត និងកោតសរសើរខ្លាំងណាស់ ប៉ុន្តែការចរចារវាងយើង និងភ្នាក់ងាររបស់គេ មិនទាន់កើតឡើងនៅឡើយទេ។ រយៈកាលនេះ មានកម្មវិធីប្រកួតច្រើនណាស់ ដូច្នេះ រាល់ការចរចាកិច្ចសន្យានានា នឹងត្រូវធ្វើនៅពេលក្រោយ»៕