កីឡា

ព្រះ​រាជអាជ្ញាអេស្ប៉ាញទម្លាក់ចោលបទ​ចោទ ចំពោះ Neymar និងអ្នកដទៃ

ព្រះ​រាជអាជ្ញាក្នុងប្រទេសអេស្ប៉ាញ បានទម្លាក់ចោល​ការ​ចោទប្រកាន់ពីបទពុករលួយ និងក្លែងបន្លំ កាលពីថ្ងៃសុក្រ ប្រឆាំងនឹងកីឡាករបាល់ទាត់ Neymar និងអ្នកដទៃផ្សេងទៀត ដែលត្រូវបានចោទអំឡុង​សវនាការ ជុំវិញការផ្ទេរកីឡាករសញ្ជាតិប្រេស៊ីល ក្នុង​ឆ្នាំ២០១៣ ពីក្លិប Santos ទៅក្លិប Barcelona។

ក្នុង​ចំណាត់ការ​ដ៏​​ខ្លាំងក្លាមួយ ព្រះរាជអាជ្ញា​បាន​ប្រកាសថា​ «លុប​ចោល​នូវ​​បទ​ចោទ​លើ​ជន​ជាប់​ចោទ​ទាំង​អស់ និង​រាល់​ការ​ប្ដឹង​​ទាំងឡាយ» ដែល​ពួក​គេ​បាន​ប្រឈមជាមួយ។

កីឡាករ Neymar វ័យ ៣០ឆ្នាំ បាននិយាយថា រូប​គេ​មិនចាំថា តើបានចូលរួមក្នុងកិច្ចចរចា ដែលនាំឱ្យ​មាន​​កិច្ចព្រមព្រៀង​ប្រថាប់​ត្រា ក្នុងឆ្នាំ​២០១១ ជាមួយក្លិប Barcelona ឬអត់​នោះ​ទេ ជុំវិញ​ការផ្ទេរលើ​រូប​គេពីក្លិប Santos របស់​ប្រេស៊ីល ទៅក្លិបយក្សអេស្ប៉ាញ នៅ​ ២ឆ្នាំក្រោយមក។

ព្រះ​រាជអាជ្ញាអេស្ប៉ាញ បានស្វះ​ស្វែងឱ្យ​មាន​ការដាក់​ពន្ធនាគាររយៈពេល ២ឆ្នាំ និងការពិន័យជា​ប្រាក់​ចំនួន ១០​លានអឺរ៉ូ (៩,៧លានដុល្លារ)​ ចំពោះ​កីឡាករ Neymar ដែលជាសមាជិកដ៏​សំខាន់ម្នាក់របស់​ក្រុមជម្រើស​ជាតិប្រេស៊ីល សម្រាប់​ការ​ធ្វើដំណើរទៅ​ចូល​រួម​ប្រកួត​ប្រជែង ក្នុង​ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា នាខែក្រោយ។

ការទម្លាក់បទ​ចោទប្រកាន់នេះ គឺជាការបញ្ចប់រឿងអាស្រូវផ្លូវច្បាប់រយៈពេលជាច្រើនឆ្នាំ ជុំវិញការផ្ទេរដ៏ល្បីសុសសាយរបស់ Neymar ទៅកាន់ទ្វីបអឺរ៉ុប។ បន្ទាប់មករូប​គេបានទៅ​ចូលរួមជាមួយក្លិប Paris Saint-Germain ក្នុងតម្លៃ​ផ្ទេរជា​កំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ ក្នុងឆ្នាំ​២០១៧។

កីឡាករ Neymar ធ្លាប់ជាម្នាក់ក្នុងចំណោមជនជាប់ចោទ ៩នាក់ ដែលត្រូវបានជំនុំជម្រះក្ដីលើការចោទប្រកាន់ពាក់​ព័ន្ធ​នឹងអំពើពុករលួយ ដោយ​ក្នុងចំណោមជន​ជាប់​ចោទ​ទាំង​នោះ ​មានឪពុកម្តាយរបស់គេ និងក្រុមហ៊ុន N&N ដែលគ្រប់គ្រងចាត់​ចែង​កិច្ចការគ្រប់​យ៉ាង​របស់គេ​ដែរ​៕