កីឡា

Ronaldo ស៊ុតបញ្ចូល​ទី​ឱ្យ Man United ក្រោយ​មាន​បញ្ហា រហូត​​ត្រូវ​ដក​ឈ្មោះ

គិត​ចាប់តាំងពីមាន​រឿង​រ៉ាវ ដែល​រូប​គេ​បាន​បដិសេធ ក្នុងការប្ដូរ​ចូល​ ហើយ​ដើរ​ចេញ​ពី​កីឡដ្ឋានកាលពីសប្តាហ៍មុន ខ្សែប្រយុទ្ធ Cristiano Ronaldo នៅ​ថ្ងៃ​ត្រឡប់​មកចូល​​លេង​ជាលើកដំបូងឱ្យ​ក្រុម​បិសាច​ក្រហម Manchester United វិញ បានស៊ុតបញ្ចូលទី ១គ្រាប់ ក្នុងជ័យជម្នះ ៣-០ លើក្រុម Sheriff Tiraspol ក្នុងការប្រកួតនៅ​ក្របខ័ណ្ឌ Europa League កាលពីយប់ថ្ងៃព្រហស្បតិ៍។

ជ័យជម្នះ ដែល​មានចំណែក​គ្រាប់បាល់ពីកីឡាករ Diogo Dalot និង Marcus Rashford ព្រម​ទាំង​គ្រាប់​បន្ថែមពី​លើដោយ​កីឡាករ Ronaldo បានធានាឱ្យក្រុមបិសាចក្រហមនូវ​កៅអីមួយនៅជុំបន្ទាប់ ដោយ​ពួកគេនឹងចូលរួមជាមួយក្រុម​អ្នក​មាន​បុណ្យ Barcelona ដែលបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹម​វគ្គសន្សំពិន្ទុ​តាម​ពូល នៅ ២៤ម៉ោងមុននេះ។

អ្នកចាត់ការរបស់ក្រុម Man United លោក Erik ten Hag បានដក​ឈ្មោះកីឡាករ Ronaldo ចេញពីក្រុម សម្រាប់ការប្រកួត​ដែល​មាន​លទ្ធផល​ស្មើ​ កាលពីថ្ងៃសៅរ៍ នៅឯ​ផ្ទះ​របស់​ក្រុម​តោខៀវ Chelsea ហើយ​​ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ ទើប​ត្រូវបានអនុញ្ញាតឱ្យត្រឡប់​ទៅហ្វឹកហាត់ជាមួយ​ក្រុមធំ ក្នុងសប្តាហ៍នេះប៉ុណ្ណោះ។

Ronaldo បានចាប់ផ្តើមជា​កីឡាករជម្រើស​ដំបូងជាមួយខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីន Alejandro Garnacho វ័យ ១៨ឆ្នាំ ដែលកំពុងធ្វើ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ជាមួយ​ក្រុម​ធំ​។

ខ្សែការពារស្តាំ Dalot បានតែត​បញ្ចូល​ទីឱ្យក្រុម​ម្ចាស់​ផ្ទះ​នាំមុខ នៅ​ ១នាទី​មុន​ចាប់​វគ្គ​ទី  ហើយ​កីឡាករ​ Rashford បន្ថែម​ការ​នាំ​មុខ​ទ្វេ​ដង​ នៅ​នាទីទី​៦៥ មុន​ពេល Ronaldo ជួយ​ធានា ៣ពិន្ទុ ឱ្យ​​ក្រុម​បិសាចក្រហម នៅ​នាទីទី៨១ ដោយ​ការ​ទម្លុះ​សំណាញ់​ទី​នូវ​​គ្រាប់​បាល់​ទី ៧០១ សម្រាប់​ក្លិបអាជីព៕