កីឡា

Arteta និយាយពីការវិវឌ្ឍរបស់ Mari ក្រោយត្រូវបានចាក់ដោយកាំបិត

លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើង Arsenal បាននិយាយពីការវិវឌ្ឍនៃហេតុការណ៍ ដែលបានកើតឡើង ចំពោះកីឡាករ Pablo Mari ដោយប្រាប់ថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មានអាការមិនធ្ងន់ធ្ងរទេ បន្ទាប់ពីសំណាងមិនល្អ ត្រូវបានចាក់ នៅឯប្រទេសអ៊ីតាលី កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា។

បណ្ដាញសារព័ត៌មាន Gazzetta នៅប្រទេសអ៊ីតាលី បានរាយការណ៍ថា Mari ដែលជាខ្សែការពាររបស់ក្លិប Arsenal និងដែលផ្លាស់ទៅលេងឱ្យក្រុម Monza ក្នុងលក្ខខណ្ឌខ្ចីជើងនោះ បានរងរបួសក្នុងហេតុការណ៍វាយប្រហារដោយកាំបិត នៅឯផ្សារទំនើបមួយ ក្នុងទីក្រុង Milan ហើយក្រៅពីកីឡាករបាល់ទាត់វ័យ ២៩ឆ្នាំរូបនេះ នៅមានអ្នករបួស ៣នាក់ផ្សេងទៀត។

ទាក់ទងនឹងឧប្បត្តិហេតុនេះ បន្ទាប់ពីក្រុមរបស់លោករងបរាជ័យ ២-០ ក្រោមដៃរបស់ក្រុម PSV Eindhoven ក្នុងការប្រកួត នៅក្របខ័ណ្ឌ Europa League លោក Arteta បានប្រាប់ទៅបណ្ដាញសារព័ត៌មាន Express ថា លោកទើបតែបានដឹងពីព័ត៌មាននេះ ប៉ុន្តែកីឡាករ Mari ហាក់ដូចជាមិនអីទេ។

«ខ្ញុំទើបតែបានដឹងដំណឹងនេះ។ ខ្ញុំដឹងថា លោក Edu បានទាក់ទងទៅសាច់ញាតិរបស់កីឡាករ។ រូបគេកំពុងស្ថិតនៅឯមន្ទីរពេទ្យ ប៉ុន្តែរូបគេហាក់ដូចជាមិនអីទេ»។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បាននិយាយ។

យោងតាមសេចក្ដីរាយការណ៍ចុងក្រោយពី Gazzetta បានឱ្យដឹងថា ស្ត្រីម្នាក់បានសម្លាប់      ខណៈដែលជនដៃដល់វ័យ ៤៦ឆ្នាំ ត្រូវបានចាប់ខ្លួន។

ដោយឡែកកីឡាករ Mari ដែលបានបង្ហាញខ្លួន ១៤ដង នៅក្របខ័ណ្ឌ Premier League ឱ្យក្រុម Arsenal ដំបូងឡើយ ត្រូវបានរាយការណ៍ថា រងរបួសធ្ងន់ធ្ងរ ប៉ុន្តែបើតាមព័ត៌មានចុងក្រោយពីលោក Edu ដែលជាប្រធានបច្ចេកទេសនៃក្រុម Arsenal កីឡាកររូបនេះ មានអាការល្អប្រសើរទេ៕