កីឡា

លោក Klopp ត្រូវពិន័យជាង ៣៤ ០០០ដុល្លារ តែមិនជាប់បម្រាម

សហព័ន្ធបាល់ទាត់អង់គ្លេស (FA) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp ត្រូវបានពិន័យជាប្រាក់ចំនួន ៣០ ០០០ផោន (ជាង ៣៤ ០០០ដុល្លារ) ប៉ុន្តែលោកបានចៀសផុតពីការជាប់បម្រាម ក្នុងការទៅឈរបញ្ជាកូនក្រុម បន្ទាប់ពីទទួលបានការពិន័យកាតក្រហម ក្នុងហ្គេម ដែលក្រុមហង្សក្រហមឈ្នះក្រុមមេឃខៀវ Manchester City ១-០ កាលពីដើមខែនេះ។

លោក Klopp ត្រូវបានបណ្តេញចេញ ដោយសារទៅតវ៉ាជាមួយអាជ្ញាកណ្តាលដោយកំហឹង បន្ទាប់ពីលោក Anthony Taylor បានសម្រេចចិត្តមិនពិន័យ ចំពោះកីឡាករ Bernardo Silva របស់ក្រុម Man City ពេលប្រជែងជាមួយខ្សែប្រយុទ្ធ Mohamed Salah។

ក្រោយមកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានទទួលស្គាល់ថា៖ «ការទទួលបានកាតក្រហម គឺជាកំហុសរបស់ខ្ញុំ។ ខ្ញុំមិនអាចទប់កំហឹងបាន។ វិធី ដែលខ្ញុំមើលឃើញ ក្នុងពេលនេះ គឺសមនឹងទទួលបានការពិន័យនេះ»។

ឥឡូវនេះ លោក Klopp ត្រូវបានរកឃើញថា មានកំហុសពីការមានអាកប្បករិយាមិនសមរម្យ ដោយគណៈកម្មការឯករាជ្យមួយ ហើយត្រូវបានពិន័យជាប្រាក់ចំនួន ៣០ ០០០ផោន (ជាង ៣៤ ០០០ដុល្លារ)។ តែសហព័ន្ធ ដែលគ្រប់គ្រងបាល់ទាត់របស់ប្រទេសអង់គ្លេស អាចដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនោះ នៅពេលដែលខ្លួនទទួលបានហេតុផលជាលាយលក្ខណ៍អក្សរពីក្រុមប្រឹក្សា។

សេចក្តីថ្លែងការណ៍របស់ FA បានឱ្យដឹងថា៖ «លោក Jurgen Klopp ត្រូវបានពិន័យជាប្រាក់ចំនួន ៣០ ០០០ផោន សម្រាប់ការបំពានច្បាប់របស់ FA ក្នុងអំឡុងពេលប្រកួត នៅក្របខ័ណ្ឌ Premier League របស់ក្រុម Liverpool FC ទល់នឹង Manchester City FC កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា»។

«លោកគ្រូបង្វឹករូបនេះ បានទទួលស្គាល់នូវការប្រព្រឹត្តរបស់គាត់ អំឡុងនាទីទី៨៦ ពិតជាមិនសមរម្យមែន ហើយគណៈកម្មការផ្នែកច្បាប់ឯករាជ្យ បានសម្រេចដាក់ពិន័យនេះ ក្នុងអំឡុងពេលសវនាការ។ ការដាក់ទណ្ឌកម្មនេះ អាចមានការប្តឹងឧទ្ធរណ៍ពីលោក Jurgen Klopp ឬ FA បន្ទាប់ពីទទួលបានហេតុផលជាលាយលក្ខណ៍អក្សររបស់គណៈកម្មការផ្នែកច្បាប់ឯករាជ្យ»។ សេចក្ដីថ្លែងការបានបន្ថែម៕