កម្សាន្ដ

ភូមិអ្នកនេសាទកំពង់ភ្លុក កំពុងទាក់ទាញអ្នកទេសចរឱ្យចាប់ចិត្តសម្រស់​ព្រៃលិចទឹកនិងការជិះទូកកម្សាន្ត

សៀមរាប៖ ភូមិអ្នកនេសាទនាឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានធម្មជាតិព្រៃលិចទឹកធំៗដ៏ស្រស់ស្អាត កំពុងតែទាក់ទាញភ្ញៀវទេសចរ​ទាំងក្នុងស្រុក​និងបរទេសឱ្យទៅលេងកម្សាន្តឥតដាច់ ជាពិសេសនៅរដូវវស្សា ព្រោះមានទេសភាពស្រស់ស្អាត លំនៅស្ថានខ្ពស់ៗផុតពីទឹក និងផ្ទៃទឹកធំល្វឹង​ល្វើយមើលដាច់កន្ទុយភ្នែក ដែលគួរឱ្យជិះទូកលេងយ៉ាងសប្បាយ។

ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក លោកសាង គង់ មានប្រសាសន៍ថា៖ ឃុំកំពង់ភ្លុកមានភូមិចំនួន៣ មានប្រជាពលរដ្ឋរស់នៅសរុបចំនួនជាង៣០០០នាក់ ដែលភាគច្រើនជាអ្នកប្រកបរបរនេសាទ និងពឹងអាស្រ័យលើវិស័យទេសចរណ៍។ លោកសាង គង់មានប្រសាសន៍បន្ថែមថា កំពង់ភ្លុកត្រូវបានគេស្គាល់ និងក្លាយជា​គោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយនៅអំឡុងឆ្នាំ២០១៣ ដោយសារតែ​ទីនោះមានទេសភាពស្រស់ស្អាត លំនៅស្ថានប្រជាពលរដ្ឋខ្ពស់ៗផុតពីទឹក ព្រៃស្រោងចំនួនជិត៥០ហិកតា ត្រូវថែរក្សាការពារយ៉ាងល្អប្រសើរ។

ជារៀងរាល់ថ្ងៃ មានអ្នកទេសចរធ្វើដំណើរតាមទូក ឬកាណូត ទៅកាន់ភូមិ​បណ្តែតទឹកនិងទស្សនាទេសភាពផ្ទៃបឹងទន្លេសាប ជាពិសេសនៅរដូវវស្សា មានភាពស្រស់ស្អាតខ្លាំង ដោយសារតែផ្ទៃទឹកធំល្វើងល្វើយដាច់កន្ទុយភ្នែក និងអាចទស្សនាទិដ្ឋភាពថ្ងៃលិចកណ្តាលបឹងទន្លេសាប គួរជាទីគយគន់និងមនោរម្យផង។

បើទោះបីជាក្នុងរយៈពេលជាង២ឆ្នាំមកនេះ ប្រជាពលរដ្ឋភាគច្រើនដែលពឹងអាស្រ័យផល​លើវិស័យទេសចរណ៍ បានទទួលរងការប៉ះពាល់យ៉ាងខ្លាំងលើជីវភាពប្រចាំថ្ងៃដោយសារ​វិបត្តិ​ជំងឺកូវីដ១៩ក៏ដោយ ក៏នៅក្រោយពេលនៃការប្រកាសបើកប្រទេសឡើងវិញរបស់​រាជរដ្ឋាភិបាល បានធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមមានកំណើនឡើងវិញ​យ៉ាងឆាប់រហ័ស ដោយក្នុងមួយថ្ងៃយ៉ាងហោចណាក៏មានភ្ញៀវទេសចរជិត១០០នាក់​បានទៅទស្សនាសហគមន៍នោះដែរ។

សហគមន៍ទេសចរណ៍កំពង់ភ្លុក មានអាហារដ្ឋានបណ្តែតទឹក ដែលអាចឱ្យភ្ញៀវ​ទេសចរអុំទូក ចូលទៅសំចតក្នុងព្រៃគុប និងចេញពីក្នុងព្រៃគុបទៅញ៉ាំអាហារបណ្តើរ គយគន់មើលទេសភាពបណ្តើរ លាយឡំជាមួយនិងខ្យល់ទន្លេដ៏ត្រជាក់​បក់មកអង្អែលម្ដងៗផងដែរ។

បន្ទាប់ពីការចេញពីអាហារដ្ឋាន ភ្ញៀវទេសចរក៏អាចជិះទូក ឬកាណូតទៅក្នុងបឹងទន្លេសាប ដើម្បីមើលថ្ងៃលិច ជាមួយនឹងផ្ទៃទឹកដ៏ធំល្វឹងល្វើយ។

បឹងទន្លេសាបតំបន់កំពង់ភ្លុក បច្ចុប្បន្នមិនត្រឹមតែជាជម្រកមច្ឆជាតិសម្រាប់ជួយដល់​ជីវភាពអ្នកនេសាទប៉ុណ្ណោះទេ វាក៏កំពុងមានសក្តានុពលសម្រាប់ទាក់ទាញ​ភ្ញៀវទេសចរដ៏ធំធេងបំផុត សម្រាប់ឱ្យភ្ញៀវជាតិនិងអន្តរជាតិទៅទស្សនាកម្សាន្ត​អារម្មណ៍ផងដែរ។

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅជាប់មាត់បឹងទន្លេសាប ដែលមានចម្ងាយ​ប្រហែល៣០គីឡូម៉ែត្រ ភាគខាងកើតឆៀងខាងត្បូងពីទីរួមខេត្តសៀមរាប។

អ្នកទៅទស្សនានៅតំបន់កំពង់ភ្លុក អាចកម្សាន្តសប្បាយជាមួយធម្មជាតិ ឈ្វេងយល់ពី​វប្បធម៌​របស់អ្នកភូមិបណ្ដែតទឹក គយគន់ថ្ងៃរៀបលិចនិងអាចទស្សនាហ្វូង​សត្វស្លាប​ជាច្រើនប្រភេទ ដែលហើររកចំណី ព្រមទាំងវិលត្រឡប់រកទ្រនំវិញនៅពេលថ្ងៃរៀបលិច ដែលធ្វើឲ្យអារម្មរណ៍រសាត់អណ្ដែតអណ្ដូងនិងមានអារម្មណ៍ថាក្តីសុខយ៉ាងអស្ចារ្យ៕