ព័ត៌មានជាតិ

ផូស៊ីលឆ្អឹងដាយណូស័ររកឃើញលើកដំបូងនៅកម្ពុជាជាបំណែកឆ្អឹងស្មងជើង នឹង សិក្សាលម្អិតនៅខែវិច្ឆិកា

ភ្នំពេញ៖ តាមរយៈការសន្និដ្ឋានពីបំណែកផូស៊ីលនៃបំណែកឆ្អឹងសត្វដាយណូស័រ ដែលគេបានរកឃើញកាលពីមុននេះនៅខេត្តកោះកុង ត្រូវបានអ្នកជំនាញរបស់ក្រសួង បរិស្ថាន ឱ្យដឹងថា ជាបំណែកឆ្អឹងស្មងជើងខាងឆ្វេងនៃសត្វដាយណូស័រ ហើយព្រមជាមួយគ្នាគេនឹងយកមកសិក្សាលម្អិតនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។

គួរបញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២បានធ្វើការបង្ហោះរូបភាពផូស៊ីលឆ្អឹងសត្វដាយណូស័រមួយសន្លឹកក្នុងទំព័រហ្វេសប៊ុកផ្លូវការ ដោយបានបញ្ជាក់ថា៖”ផូស៊ីលឆ្អឹងដាយណូស័រដំបូងដែលរកឃើញ នៅស្រុកខ្មែរ”។

ក្រុមមន្រ្តីជំនាញបានឱ្យដឹងថា បំណែកឆ្អឹងផូស៊ីលសត្វដាយណូស័រនេះត្រូវបាន រកឃើញនៅ តំបន់ការពារធម្មជាតិនៅកម្ពុជា ដែលស្ថិតក្នុងកោះប៉ោ ជាប់ដែនជម្រក សត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីអំឡុងឆ្នាំ ២០២១។

ទាក់ទិនក្នុងរឿងនេះ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ ផូស៊ីលឆ្អឹងសត្វដាយណូស័រនេះអាចមានអាយុកាល ៦៥លាន-១៩០លាន ឆ្នាំមុន ហើយនេះជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា។

លោកបានប្រាប់ថា ផូស៊ីលឆ្អឹងសត្វនោះកប់ជាប់ក្នុងថ្មភក់ ហើយវាមានប្រវែង៧០ សង់ទីម៉ែត្រនិងទទឹង២០សង់ទីម៉ែត្រ។ តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបាន ប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនងនឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមាន ជីវិតនៅកម្ពុជា។

លោកបានបញ្ជាក់ប្រាប់ដែរថា”ផូស៊ីលនេះវាកប់ក្នុងស្រទាប់ថ្មភក់ ប៉ុន្តែដោយសារ ចលនាផែនដីបានធ្វើឱ្យរុញវារបើកមួយផ្នែកតូចជាឆ្អឺងស្មងជើងខាងឆ្វេង។ក្នុងការសិក្សា គេទទួលស្គាល់រួចហើយថាជាផូស៊ីលសត្វដាយណូស័រ។ ទោះបីយ៉ាងណា គេមិនទាន់ដឹងថាវាឈ្មោះអ្វីនៅឡើយទេ ពូជដាយណូស័រអ្វីក៏គេមិនទាន់ដឹងនៅឡើយដែរ ហេតុនេះវាទាមទារសិក្សាលម្អិតបន្ថែមទៀត”។

មន្រ្តីរូបនេះបានបញ្ជាក់បន្ថែមថា ”កាលពីឆ្នាំ ២០២១ ក្រសួងបរិស្ថានបានធ្វើការ ផ្សព្វផ្សាយថា យើងបានរកឃើញឆ្អឹងសត្វបុរាណមួយ ហើយឆ្អឺងមួយនេះយើងបាន បន្តសិក្សានិងវិភាគជាមួយនឹងអ្នកជំនាញបារាំង។កាលពីឆ្នាំ ២០២១ យើងពុំបានផ្សាយជាផូស៊ីលដាយណូស័រទេ ហើយពេលនេះយើងបានផ្សាយពីរបក គំហើញថ្មីមួយពាក់ព័ន្ធនឹងរឿងសត្វដាយណូស័រហ្នឹង!។ការផ្សាយនេះ បន្ទាប់ពីយើងបានពិភាក្សាជាមួយអ្នកជំនាញបារាំង ហើយយើងនឹងបន្តសិក្សាទៅលើ ឆ្អឹងហ្នឹងនៅខែវិច្ឆិកាខាងមុខ។ខែក្រោយក្នុងអំឡុងខែវិច្ឆិកានិងខែធ្នូនេះយើងនឹងធ្វើ​កំណាយស្រាវជ្រាវ “។

លោក លឹម វណ្ណច័ន្ទ បានបញ្ជាក់បន្ថែមថា ក្នុងគម្រោងសិក្សាខាងមុខនេះ អ្នកជំនាញនឹងធ្វើ​កំណាយទំហំ៥ម៉ែត្រ៤ជ្រុងដើម្បីបើកស្រទាប់ថ្មនេះថាតើនឹងមានបំណែកឆ្អឺងផ្សេងទៀតឬក៏អត់។ក្នុងការសិក្សានេះនឹងមានការចូលរួមពីអ្នកជំនាញបារាំងផងដែរ។

ដោយឡែកបើតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី បានបញ្ជាក់ប្រាប់​ថា៖ «ក្រោយពីរកឃើញ យើងមិនទាន់សម្រេចយកទៅណាទេ ដោយសារនេះជាការ​ស្រាវជ្រាវ និងជាការសម្រេចចិត្តរបស់ក្រសួងបរិស្ថានទេ ហើយខាងក្រសួងបរិស្ថាននឹងចុះ​មកសិក្សាលំអិតសិន ថាតើអ្វីដែលរកឃើញនេះ វាជាប្រភេទអ្វីប្រាកដ?។

គួរបញ្ជាក់ថា បើតាមមន្រ្តីជំនាញក្រសួងបរិស្ថានបានប្រាប់  Cambodia Flash News ( CFN )  ឱ្យដឹងដែរថា៖ តាមរយៈការសិក្សាស្រាវជ្រាវចាប់ពីឆ្នាំ ២០១៩មកដល់ពេលបច្ចុប្បន្ន គេបានរកឃើញបំណែកផូស៊ីលចំនួន៤៣ ស្ថានីយ ហើយក្នុងនេះមានទាំងស្ថានីយសត្វ សមុទ្របុរាណ ពិសេសនៅតំបន់ខាងខេត្តបន្ទាយមានជ័យ និងបាត់ដំបង។ក្រៅពីនេះស្ថានីយផូស៊ីលក្លាយជាថ្មនៅខេត្តរតនគិរីនិងខេត្តព្រះវិហារជាដើម ។ជាមួយគ្នា អ្នកជំនាញក៏បានរកឃើញស្នាមដានជើងនៅភ្នំគូលែន ខេត្តសៀមរាប និងបាត់ដំបង។ចុងក្រោយនេះគឺផូស៊ីលឆ្អឺងដាយណូស័រនេះឯង៕

ដោយ៖ឧត្តម