កីឡា

ការ​បន្ត​កុង​ត្រា​របស់ De Gea ជាមួយ Man United ខ្លាច​តែ​ទៅ​មិន​រួច

អ្នកចាំទី David de Gea របស់ក្រុម Manchester United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងព័ត៌មាន​ថា ព្រម​កាត់បន្ថយប្រាក់ឈ្នួល ដើម្បីបាន​ចុះកិច្ចសន្យាថ្មីជាមួយក្លិប បន្ទាប់ពីក្រុម​បិសាចក្រហម មាន​គម្រោងក្នុងការនាំយកអ្នកចាំទីថ្មីមក​រួម​ក្រុម។

កីឡាករសញ្ជាតិអេស្ប៉ាញ De Gea  បានផ្លាស់​មក​យាម​បង្គោល​ទី​ឱ្យ​ក្រុមបិសាចក្រហម តាំងពីឆ្នាំ២០១១ ហើយបានបង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ រហូត​ដល់ជាប់​​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​កីឡាករលើ​គេ​ទាំង ១០ ​បើ​គិត​ពី​​ចំនួន​ហ្គេម ដែលបានចូល​លេងរួចហើយ។ រហូត​មក​ទល់​​ពេល​នេះ អ្នកចាំទីវ័យ ៣១ឆ្នាំ នៅមានកុងត្រាជាមួយ​ក្លិប ត្រឹម​​ចុង​បញ្ចប់​រដូវកាលនេះប៉ុណ្ណោះ បើ​ទោះបី​ជា​​​ក្រុម Man United មានជម្រើសក្នុងការបន្តរយៈពេល ១ឆ្នាំទៀតក៏ដោយ។

ក្នុង​ពេលជាមួយគ្នានេះដែរ ដោយ​អតីតកីឡាករ​របស់​ក្លិប Atletico Madrid ទទួលបាន​ប្រាក់ឈ្នួលខ្ពស់​រហូត​ដល់ ៣៧៥ ០០០ផោន (ជាង ៤៣ម៉ឺនដុល្លារ) ក្នុង ១សប្ដាហ៍ ទើប​បង្កឱ្យមានពាក្យចចាមអារ៉ាមថា គ្រូបង្វឹកសញ្ជាតិហូឡង់ លោក Erik ten Hag សង្ឃឹមថា នឹងអនុញ្ញាត​ឱ្យ​រូប​គេ​ចាក​ចេញពី​ទឹក​ដី Old Trafford ដើម្បីជួយសន្សំ​សំចៃ​ការចំណាយ ហើយបានប្រគល់តួនាទី​ដល់​លោក Tony Coton ដែល​ជា​ប្រធាន​ក្រុម​អ្នក​តាម​ដាន​អ្នក​ចាំទី ឱ្យ​ស៊ើប​រក​អ្នក​យាម​បង្គោល​ទី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ថ្មី​។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ មាន​សេចក្ដីរាយការណ៍ថា ក្រុម Man United កំពុង​ដាក់រ៉ាដាទៅ​លើ​អ្នកចាំទី Diogo Costa វ័យ ២៣ឆ្នាំ​របស់ក្លិប Porto និងអ្នក​ចាំទី​សញ្ជាតិអេស្ប៉ាញ Unai Simon អាយុ ២៥ឆ្នាំរបស់ក្លិប Athletic Bilbao។ លើសពីនេះ ក្លិប Man United ក៏នៅមាន Dean Henderson ដែលត្រូវ​បាន​ក្លិប​ Nottingham Forest ខ្ចីជើង និងដែល​​​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​វិល​មក​ប្រជែង​ដណ្តើម​តំណែង​​អ្នក​ចាំទី​ដៃ​ទី​ ១ នារដូវកាលក្រោយ។

ទោះជាយ៉ាងណាក៏ដោយ វេបសាយ​ផ្នែក​កីឡា «The Athletic» បាន​ឱ្យ​ដឹងថា កីឡាករ De Gea រីក​រាយ​ក្នុង​ការ​ឱ្យក្លិបកាត់បន្ថយប្រាក់ខែ​ ដើម្បី​បាន​បន្ត​​កិច្ចសន្យាថ្មី ខណៈដែលរូប​គេ​ប្តេជ្ញាក្នុង​ការ​បន្តអាជីព​ជាមួយ​ក្លិប​យក្ស នៅក្របខ័ណ្ឌ Premier League អង់គ្លេសមួយ​នេះ៕