កីឡា

Liverpool មានអារម្មណ៍ពិសេសជាថ្មី ក្រោយបានឆ្លងទៅវគ្គ ១៦ក្រុម នៅអឺរ៉ុប

អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថា ការទទួលបានជ័យជម្នះ ៣-០ លើក្រុម Ajax ដែលជាលទ្ធផលជួយឱ្យបានឆ្លងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League របស់អឺរ៉ុបនោះ អាចជួយធ្វើឱ្យទម្រង់លេង ដែលកំពុងតែធ្លាក់ចុះ នៅឯក្របខ័ណ្ឌ Premier League ប្រសើរឡើងវិញ។

ក្រុមហង្សក្រហម ពេលនេះ បានឈ្នះការប្រកួត នៅ Champions League នេះ ជាច្រើនដង នារដូវកាលនេះ ខណៈដែលនៅចន្លោះនោះ ពួកគេមាន ១១ហ្គេម នៅ Premier League បន្ទាប់ពីមានជ័យជម្នះ នៅអឺរ៉ុបជាលើកទី៤ ជាប់គ្នា នៅទីក្រុង Amsterdam។

កីឡាករ Mohamed Salah, Darwin Nunez និង Harvey Elliott សុទ្ធតែមានចំណែកក្នុងជ័យជម្នះនេះ ខណៈដែលក្រុមយក្សរបស់អង់គ្លេសមួយនេះ បានឡើងទៅវគ្គចាញ់ធ្លាក់ ៥រដូវកាលបន្តបន្ទាប់គ្នា។

គ្រូបង្វឹករបស់ក្រុម Liverpool លោក Klopp បាននិយាយ នៅក្រោយការប្រកួតថា៖ «យើងបានឆ្លងផុតវគ្គការប្រកួត ក្នុងពូល ហើយខ្ញុំនឹងមិនយកវាមកគិតគូរទេ។ ពិតណាស់ មានប្រយោជន៍ដល់កក្រុម ពិតមែនហើយ វាផ្តល់នូវការលើកទឹកចិត្ត។ យប់នេះយើងទាំងអស់គ្នាមានអារម្មណ៍ល្អណាស់ ហើយយើងមានពេល ២-៣ថ្ងៃ ដើម្បីរៀបចំត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយក្រុម Leeds»។

យ៉ាងណាក្ដី ក្រុមរបស់លោក Klopp នៅមានកិច្ចការធ្ងន់ដូចភ្នំ ១ទៀត ដែលត្រូវសម្រេច នាសប្តាហ៍ក្រោយ នៅពេលដែលក្រុម Napoli ធ្វើដំណើរទៅលេងហ្គេមចុងក្រោយ នៅទឹកដី Anfield ប្រសិនបើពួកគេចង់បញ្ចប់ នៅចំណាត់ថ្នាក់ទី ១ ក្នុងពូល A។ ក្រុម Liverpool តាមពីក្រោយក្រុមយក្សអ៊ីតាលី ៣ពិន្ទុ ហើយត្រូវការជ័យជម្នះ ក្នុងលទ្ធផលល្អជាង ៤-១ ដែលក្រុម Napoli បានយកឈ្នះពួកគេ ក្នុងជំនួប កាលពីខែមុន ដើម្បីឱ្យមានកំណត់ត្រាជួបគ្នាល្អជាង៕