កីឡា

Guardiola មិនប្រាកដពីការបានលេងរបស់ Haaland ក្នុងជំនួបទល់នឹង Leicester

អ្នកចាត់ការក្រុមមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយថា លោកមិនប្រាកដទេថា តើខ្សែប្រយុទ្ធ Erling Haaland នឹងខកខានការប្រកួតចុងសប្តាហ៍នេះ នៅឯផ្ទះរបស់ក្រុម Leicester ដែរ ឬយ៉ាងណា បន្ទាប់ពីកីឡាករសញ្ជាតិន័រវែសរូបនេះ ត្រូវបានប្តូរចេញដោយសាររបួស ក្នុងប្រកួតទល់នឹងក្រុម Borussia Dortmund កាលពីយប់ថ្ងៃអង្គារ។

កីឡាករ Haaland ត្រូវបានប៉ះទង្គិចយ៉ាងខ្លាំង ក្នុងការប្រកួត ដែលក្រុម Man City   លេងស្មើ ០-០ នៅក្របខ័ណ្ឌ Champions League នៅឯផ្ទះរបស់ក្រុម Dortmund របស់អាល្លឺម៉ង់ ហើយត្រូវបានដូរចេញ នៅវគ្គទី ១។

នៅពេលត្រូវបានសួរពាក់ព័ន្ធនឹងរបួសរបស់កីឡាករ Haaland លោក Guardiola បានឆ្លើយថា៖ «យើងនឹងរង់ចាំមើល។ ថ្ងៃនេះយើងរាងអស់កម្លាំងណាស់បន្តិច។ កីឡាករ Erling Haaland ត្រូវបានប៉ះទង្គិចខ្លាំងគួរសម ប៉ុន្តែរូបគេ កំពុងវិលមកធម្មតាជាថ្មី នាពេលនេះ។ យើងនឹងរង់ចាំមើលថា តើវានឹងប្រែប្រួលយ៉ាងម៉េច»។

នៅពេលកីឡាករ Haaland អវត្តមាន កីឡាករ Riyad Mahrez បានទទួលភារៈជាអ្នកទាត់បាល់ប៉េណាល់ទី ក្នុងតង់ទី២ ប៉ុន្តែការស៊ុតរបស់គេ ត្រូវបានរារាំងដោយអ្នកចាំទី Gregor Kobel ដែលជាការសង្គ្រោះ ដើម្បីជួយឱ្យក្រុម Dortmund បានឆ្លងទៅវគ្គចាញ់ធ្លាក់។

ក្រុម Man City ដែលឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នៅ Champions League នេះ ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល G ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Leicester សម្រាប់ការប្រកួត Premier League នាថ្ងៃសៅរ៍ចុងសប្ដាហ៍។

កីឡាករ Haaland ស៊ុតបញ្ចូលទីបាន ១៧គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១១លើក សម្រាប់ក្រុមមេឃខៀវ នៅរដូវកាលនេះ ចាប់តាំងពីបានផ្ទេរពីក្រុម Dortmund នៅរដូវក្តៅ៕