កីឡា

Bayern ដណ្ដើមបានលេខ ១ ខណៈ Barca មិនអាចស្រោចស្រង់មុខមាត់បាន

ក្រុម Bayern Munich ដណ្ដើមបានតំណែងទី ១ ក្នុងពូល C សម្រាប់ការប្រកួតប្រជែង នៅក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះ ៣-០ លើក្រុម Barcelona បន្ទាប់ពីជោគវាសនារបស់ក្រុមយក្សនៃតំបន់កាតាឡាន់ ត្រូវបានកំណត់ មុនពេលចាប់ផ្តើមហ្គេម នៅកីឡដ្ឋាន Camp Nou កាលពីយប់ថ្ងៃពុធ។

ដោយសារការប្រកួត ដែលចាប់ផ្ដើមមុន ក្រុម Inter Milan បានយកឈ្នះក្រុម Viktoria Plzen ៤-០ ដូច្នេះ ក្រុមយក្សអ៊ីតាលី ធានាបាននូវសិទ្ធិ ក្នុងការឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយជាមួយក្រុម Bayern ហើយបញ្ជូនក្រុម Barca ឱ្យចាកចេញពីកម្មវិធីនេះ ត្រឹមជុំទី១ ដែលជាការធ្លាក់ ២រដូវកាលជាប់ៗគ្នា។

ក្រុមយក្សអេស្ប៉ាញ ដែលត្រូវធ្លាក់ទៅលេង នៅក្របខ័ណ្ឌ Europa League បានឆ្លងផុតវគ្គសន្សំពិន្ទុតាមពូល នៅមុននេះ ១៧លើក មុនពេលមកធ្លាក់យ៉ាងលឿនបែបនេះជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Xavi Hernandez។

ក្រុមម្ចាស់ផ្ទះសង្ឃឹមថា នឹងដណ្ដើមបាននូវមោទនភាពខ្លះៗ នៅចំពោះមុខអ្នកគាំទ្រជាង ៨៤ ០០០នាក់ ប៉ុន្តែគ្រាប់បាល់នៅវគ្គទី ១ ពីកីឡាករ Sadio Mane និង Eric Maxim Choupo-Moting បានបំផ្លាញគោលបំណងរបស់ពួកគេ ហើយជាមួយនឹងគ្រាប់បាល់នៅចុងម៉ោងរបស់កីឡាករ Benjamin Pavard នាំឱ្យក្រុមភ្ញៀវ Bayern ឈ្នះក្រុម Barca ដល់ទៅ ៦ដងជាប់ៗគ្នា។

អ្នកគាំទ្រប៉ុន្មាននាក់ប៉ុណ្ណោះ បានចាកចេញនៅតង់ទី១ ប៉ុន្តែភាគច្រើននៅដល់ចប់ហ្គេមពេញម៉ោង ខណៈដែលក្រុមរបស់ពួកគេ កំពុងលេងការប្រកួតចុងក្រោយ នៅ Champions League  នាកីឡដ្ឋាន Camp Nou នេះ យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៤ ដោយក្រុមត្រៀមផ្លាស់ទៅកីឡដ្ឋានអូឡាំពិក (Olympic Stadium) របស់ទីក្រុង នៅរដូវកាលក្រោយ ក្នុងអំឡុងពេលធ្វើការជួសជុល។

ក្រោយចប់ការប្រកួត លោក Xavi បានប្រាប់បណ្ដាញសារព័ត៌មាន Movistar ថា៖ «សូមអរគុណដល់អ្នកគាំទ្រទាំងអស់ សម្រាប់ការគាំទ្រលើកទឹកចិត្តដោយគ្មានលក្ខខណ្ឌរបស់ពួកគេ ដែលបង្កើតបាននូវបរិយាកាសដ៏ពិសេសអស្ចារ្យ។ យើងត្រូវអរគុណពួកគេ និងបង្ហាញការគោរព ដែលពួកគេសមនឹងទទួលបាន»។

វាជាការគួរឱ្យសោកស្ដាយណាស់ ដែលយើងមិនអាចបង្ហាញពួកគេ នៅលើទីលាន។ យើងត្រូវផ្តាច់ចេញពី Champions League ដូច្នេះ យើងត្រូវប្រឈមមុខនឹងការពិត។ យើងមិនបានប្រកួតប្រជែងទេថ្ងៃនេះ ពោលគឺយើងមិនបានឈានដល់កម្រិតរបស់ពួកគេទេ។ ពួកគេលេងបានល្អណាស់ ដោយធ្វើបានល្អជាងយើង និងរឹងមាំជាង។ ខ្ញុំប្រាកដថា ការដឹងពីការធ្លាក់ នៅមុនហ្គេមចាប់ផ្ដើម មិនបានប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់យើងទេ»។ លោក Xavi បានបន្ថែម៕