សេដ្ឋកិច្ច

កម្ពុជា ពង្រឹងលើការប្រមូលពន្ធ និងលុបបំបាត់អំពើគេចពន្ធ ផ្តល់ភាពយុត្តិធម៌ដល់អ្នកធ្វើធុរកិច្ច និងជំរុញ​ឱ្យកម្ពុជាចាកចេញពីបញ្ជីប្រផេះ

ភ្នំពេញ៖ក្រុមការងារហិរញ្ញវត្ថុហៅកាត់ថា FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសប្រទេ​ស​បារាំងកាលពីខែមីនាឆ្នាំ២០២២ បាន​សម្រេច​បន្តដាក់កម្ពុជាឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» ដែលពិភពលោក ត្រូវបង្កើនការតាមដាន។

ដើម្បីឆ្លើយតបនឹងបញ្ហានេះអគ្គនាយកដ្ឋានពន្ធប្តេជ្ញាពង្រឹងការអនុវត្តច្បាប់ពន្ធដារ ការប្រមូល​ពន្ធ និងលុបបំបាត់ការគេចវេសពន្ធផ្សេងៗ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់អ្នកជាប់ពន្ធទាំងអស់ និងជំរុញឱ្យធ្វើឱ្យកម្ពុជា លុបឈ្មោះចេញពីបញ្ជីប្រផេះ ដើម្បីទាក់ទាញលំហូរ វិនិយោគ​ពី​ក្រៅប្រទេស។

នេះជាការលើកឡើងរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយ​ក​នៃអគ្គនាយកដ្ឋានពន្ធដារនៅ​ក្នុងវេទិកា​ពន្ធដារ​ឆ្នាំ២០២២ ដែលរៀបចំឡើងដោយសភាពាណិ​ជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២ នេះ នៅសណ្ឋាគារ​សូហ្វីតែល។

លោកបានគូសបញ្ជាក់ថា «កម្ពុជា មានភ្នាក់ងារប្រឆាំងនឹងការលាងសម្អាតប្រាក់ ព្រោះប្រទេសកម្ពុជា កំពុងស្ថិតក្នុងបញ្ជីប្រផេះ យើងមានយន្តការផ្សេងៗ ដែលយើងសង្ឃឹមថា ប្រទេសកម្ពុជានឹងចាកចេញពីបញ្ជីប្រផេះ ហើយវិលទៅស្ថិតក្នុងបញ្ជី ស ម្តងទៀត ដើម្បីទាក់ទាញលំហូរវិនិយោគពីក្រៅប្រទេស មកបណ្តាក់ទុននៅកម្ពុជា»។

​ពីខែមករា ដល់ខែតុលាឆ្នាំនេះ ពន្ធដារប្រមូលចំណូលបានជាង ១០៤%នៃច្បាប់ថវិកាជាតិ​ និងរំពឹងថា រហូតដល់ដំណាច់ឆ្នាំនេះ ការប្រមូលពន្ធដារ ​នឹងលើសផែនការពី១៥% ទៅ២៥%៕ដោយៈសិរីមតី