សេដ្ឋកិច្ច

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បញ្ចប់ការចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់​ភាគីកម្ពុជា និងឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ ភាគី អេមីរ៉ាតអារ៉ាប់រួមបានជួបពិភាក្សាទ្វេភាគី ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធផលនៃការចរចា និងបិទបញ្ចប់​ការចរចាជុំទី១នៃកិច្ច ព្រម​ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួមដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ខែតុលា ឆ្នាំ ២០២២ នៅ​អាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។

ក្នុងជំនួបនេះ លោកជំទាវប្រធានក្រុមចរចាកម្ពុជាបានគូសបញ្ជាក់ថា CAM-UAE CEPAនឹងចូលរួមពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការបង្កើនបរិយាកាសសេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្មនិងវិនិយោគ។កិច្ចព្រមព្រៀង​​នេះ នឹងពង្រឹងទំនាក់ទំនងទ្វេភាគី របស់យើង តាមរយៈការបើកច្រកទីផ្សារឱ្យកាន់តែទូលាយនិងបង្កើនឱកាសវិនិយោគទ្វេភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមកនិងធ្វើឱ្យស៊ី ជម្រៅទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។

ក្នុងឱកាសនោះ ប្រធានក្រុមចរចាទាំងពីរក៏បានចុះហត្ថលេខាលើកំណត់ហេតុរួម ដែលជាលទ្ធផលនៃការចរចាជុំទី១ នៃកិច្ចព្រមព្រៀង ភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម៕ដោយៈសិរីមតី