កីឡា

Ronaldo ត្រឡប់មកហ្វឹកហាត់ទាំងទឹកមុខញញឹមពព្រាយ

ក្លិប Manchester United បានបញ្ជាក់ថា កីឡាករ Cristiano Ronaldo បានត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញហើយ កាលពីថ្ងៃអង្គារ ដើម្បីជាការត្រៀម សម្រាប់ការប្រកួត នៅក្របខ័ណ្ឌ Europa League នាយប់ថ្ងៃព្រហស្បតិ៍ ទល់នឹងក្រុម Sheriff។

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ ត្រូវបានដកឈ្មោះចេញពីក្រុម សម្រាប់ការប្រកួត កាលពីចុងសប្តាហ៍ ដែលស្មើ ១-១ ជាមួយក្រុមតោខៀវ Chelsea បន្ទាប់ពីដើរចេញទាំងពីកៅអីកីឡាករបម្រុង និងកីឡដ្ឋាន Old Trafford មុនចប់ការប្រកួត ដែលក្រុមបិសាចក្រហម Man United បានយកឈ្នះក្រុម Tottenham កាលពីសប្តាហ៍មុន។

កីឡាករ Ronaldo និងអ្នកចាត់ការក្រុម លោក Erik ten Hag បានជួបជជែកគ្នា កាលពីថ្ងៃអង្គារ ហើយខ្សែប្រយុទ្ធត្រូវបានស្វាគមន៍ក្នុងការត្រឡប់ទៅហាត់សមពេញលេញវិញភ្លាមៗ បន្ទាប់ពីនោះ។

លោក Ten Hag បានទទូចជាសាធារណៈថា គាត់កំពុងពឹងលើកីឡាករ Ronaldo នៅចន្លោះពេលនេះ រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែបើតាមបណ្ដាញសារព័តមានមួយចំនួនបានឲ្យដឹង រូបគាត់ចង់ចែកផ្លូវជាមួយខ្សែប្រយុទ្ធឱ្យបានលឿនតាមដែលអាច នៅខែមករា ប្រសិនបើទទួលបានការស្នើដ៏សមរម្យ។

បញ្ហាសម្រាប់ក្រុម Man United គឺការស្វែងរកអ្នកទិញ ដែលមានឆន្ទៈ ក្នុងការចំណាយប្រាក់នឿយហត់ពេញលេញរបស់កីឡាករ Ronaldo ជាកិច្ចការ ដែលបង្ហាញថា មិនអាចទៅរួច កាលពីរដូវក្តៅ ហើយដូច្នេះ ការផ្ទេរដោយឥតតម្លៃខ្លួន ឬការបញ្ចប់កិច្ចសន្យា ដោយព្រមព្រៀងទៅវិញទៅមក គឺជាជម្រើស ដែលមិនអាចត្រូវបានច្រានចោលនោះឡើយ។

ខណៈពេលដែលលោក Ten Hag ព្រមបើកផ្លូវឱ្យកីឡាករ Ronaldo ចាកចេញនោះ គាត់មិនចង់កម្រិតជម្រើសរបស់គាត់បន្ថែមទៀត ក្នុងតំបន់ប្រយុទ្ធនោះទេ ហើយបែបនេះ គាត់នឹងទាមទារឱ្យមានការចុះហត្ថលេខាយកអ្នកជំនួសជាមុនសិន នៅមុនពេលមានការចាកចេញរបស់កីឡាកររូបណាម្នាក់៕