កីឡា

Leipzig បញ្ចប់ដំណើរមិនចាញ់របស់ Madrid ជាមួយនឹងជ័យជម្នះដ៏គួរឱ្យរំភើប

ក្រុម RB Leipzig បានទទួលជ័យជម្នះដ៏គួរឱ្យរំភើប ៣-២ លើក្រុមអធិរាជស Real Madrid កាលពីយប់ថ្ងៃអង្គារ ក្នុងការប្រកួត នៅក្របខ័ណ្ឌ Champions League ដែលជាលទ្ធផលមិនត្រឹមតែផ្ដល់ឱ្យក្រុមការពារជើងឯកនូវបរាជ័យលើកដំបូងនៃរដូវកាលប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យពួកគេកាន់តែរឹងមាំ នៅមុនហ្គេមសម្រេចចុងក្រោយទល់នឹងក្រុម Shakhtar Donetsk នាសប្តាហ៍ក្រោយទៀតផង។

ក្រុមអាល្លឺម៉ង់មួយនេះ នឹងឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយជាមួយនឹងលទ្ធផលស្មើ ពេលប៉ះក្រុមរបស់អ៊ុយក្រែន ក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូលចុងក្រោយរបស់ពួកគេ នៅថ្ងៃទី២ ខែវិច្ឆិកា ហើយជ័យជម្នះនេះ មានន័យថា ពួកគេនៅតែមានឱកាស ក្នុងការទម្លាក់ក្រុមរបស់លោក Carlo Ancelotti មិនឱ្យបានឈរលើគេ ក្នុងពូល។

ក្រុម Madrid ដែលបានគ្រងពានរង្វាន់ជាកំណត់ត្រា នៅក្របខ័ណ្ឌនេះ ១៤សម័យកាល បានឆ្លងទៅវគ្គបន្ទាប់រួចរាល់ហើយ ប៉ុន្តែត្រូវបានក្រុមរបស់ Marco Rose ធ្វើបានល្អជាង នៅកីឡដ្ឋាន Red Bull Arena នេះ ហើយភ្លាត់ចាញ់ជាលើកដំបូង ក្នុងចំណោម ១៧ហ្គេម គិតក្នុងការប្រកួត នៅគ្រប់កម្មវិធីទាំងអស់។

ខ្សែការពារ Josko Gvardiol បានតែតបាល់បញ្ចូលទីឱ្យក្រុមម្ចាស់ផ្ទះនាំមុខ នៅនាទីទី១៣ ហើយខ្សែប្រយុទ្ធ Christopher Nkunku បន្ថែម ១គ្រាប់ទៀត នៅ ៥នាទីបន្ទាប់ តែខ្សែប្រយុទ្ធ Vinicius Junior បានជួយឱ្យក្រុមភ្ញៀវ តាមត្រឹម ១គ្រាប់វិញ នៅ ១នាទី មុនចប់វគ្គទី ១។

ខ្សែប្រយុទ្ធ Timo Werner បានជួយឱ្យក្រុម Leipzig មានគ្រាប់បាល់នាំមុខ ២គ្រាប់វិញ នៅនាទីទី៨១ មុននឹងខ្សែប្រយុទ្ធ Rodrygo មានឱកាសកាត់បន្ថយគម្លាតមកត្រឹម ១គ្រាប់វិញ ដោយការស៊ុតបាល់ប៉េណាល់ទីបានសម្រេចឱ្យក្រុម Madrid តែវាយឺតពេលទៅហើយ ព្រោះគ្រាប់បាល់នោះបានកើតឡើង នៅក្នុងម៉ោងបន្ថែមបង្គ្រប់ទៅហើយ។ ការដណ្ដើមបាន ៣ពិន្ទុនេះ នាំឱ្យ Leipzig មាន ៩ពិន្ទុ ពោលគឺតាមតែ ១ពិន្ទុប៉ុណ្ណោះពីក្រោយក្រុម Madrid ដែលឈរលេខ ១ ក្នុងពូល F។

នៅក្រោយការប្រកួត អ្នកចាំទី Thibaut Courtois របស់ក្រុម Madrid បានប្រាប់បណ្ដាញសារព័ត៌មាន Movistar ថា៖ «ពួកយើងបានចេញទៅទីនោះ ដោយងេងងោង មិនមានថាមពល ឬភាពពុះកញ្រ្ជោលគ្រប់គ្រាន់ទេ ហើយយើងត្រូវទទួលផលពីវា»។

«គ្រូបង្វឹកបានព្រមានយើង ហើយនៅតែយើងចេញទៅទីនោះដោយមិនល្អទៀត។ យើងបានបញ្ជូនបាល់ឱ្យគ្នាភ្លាត់ជាច្រើនដង គ្រប់គ្រងបាល់មិនល្អ ប្រជែងយកបាល់មិនឈ្នះ ពោលគឺខ្វះថាមពល។ ពួកយើងមិនមានទម្រង់លេងល្អនោះទេ»។ កីឡាករ Courtois បានបន្ថែម៕