កីឡា

Benfica បំផ្លាញក្ដីសង្ឃឹមរបស់ Juve ជាមួយនឹងការស៊ុតបញ្ចូលទីគ្នា ៧គ្រាប់

កីឡាករ Rafa Silva របស់ក្រុម Benfica បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យ ២គ្រាប់ ខណៈដែលក្រុមរបស់គេបានយកឈ្នះក្រុម Juventus ៤-៣ ក្នុងហ្គេមដ៏រំជើបរំជួលមួយ នៅឯកីឡដ្ឋាន Estadio da Luz កាលពីថ្ងៃអង្គារ ហើយលទ្ធផលនេះ នាំឱ្យក្រុមរបស់ប្រទេសព័រទុយហ្គាល់មួយនេះ បានកក់កៅអី ១ នៅវគ្គបន្ទាប់នៃក្របខ័ណ្ឌ Champions League ហើយបានបញ្ចប់ឱកាសរបស់ក្លិយក្សអ៊ីតាលី ក្នុងការប្រកួតប្រជែង នៅអឺរ៉ុប នាឆ្នាំនេះ។

ក្រុម Benfica មាន ១១ពិន្ទុពីការប្រកួត ៥លើក ដូចគ្នាទៅនឹងក្រុម Paris St Germain (PSG) ដែលឈរទី ១ ក្នុងពូល H ខណៈពេលដែល ៣ពិន្ទុរបស់ក្រុម Juve នាំពួកគេផ្តោតលើការដណ្ដើមបានកៅអី១ នៅក្របខ័ណ្ឌ Europa League ជាអ្វីដែលពួកគេអាចទទួលបាននៅថ្ងៃប្រកួតចុងក្រោយ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម PSG។

កីឡាករវ័យក្មេង Antonio Silva បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនឱ្យក្រុម Benfica ដើម្បីឱ្យក្រុមម្ចាស់ផ្ទះនាំមុខក្រោយ នៅនាទីទី១៧ ប៉ុន្តែក្រុម Juve បានតាមស្មើវិញ ដែលធ្វើបានសម្រេចដោយកីឡាករ Moise Kean នៅ ៤នាទីក្រោយមក។

ក្រុម Benfica បាននាំមុខជាថ្មី ដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Joao Mario មុននឹងកីឡាករ Rafa Silva ធ្វើឱ្យកាន់តែមានសុវត្តិភាពជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ២គ្រាប់ ទាំងក្នុងវគ្គទី ១ និងវគ្គទី ២ ដែលនេះជាការបង្ហាញឱ្យឃើញពីបច្ចេកទេស និងកិច្ចកលនៃការលេងយ៉ាងល្អឥតខ្ចោះរបស់កីឡាកររូបនេះ។

ក្រុមភ្ញៀវក៏នៅមានសង្ឃឹម ក្នុងការអាចត្រឡប់ទៅវិញជាមួយនឹងការមានពិន្ទុក្នុងដៃដែរ បន្ទាប់ពីបំប៉ោងសំណាញ់ទី ២គ្រាប់ផ្ទួនៗ ក្នុងចន្លោះពេលប្រមាណតែ ២នាទី ពោលគឺនាទីទី៧៧ និង៧៩ ដោយកីឡាករ Arkadiusz Milik និង Weston McKennie តែយ៉ាងណាក្ដី ក្រុមម្ចាស់ផ្ទះ Benfica អាចទប់ទល់ រហូតដល់សំឡេងកញ្ចែចុងក្រោយបន្លឺឡើង ដោយការរក្សាលទ្ធផល ៤-៣ នេះ៕