សុខភាព

វិធីសាស្រ្តសម្រាប់លាងសម្អាតប្រដាប់ភេទបុរសៗឱ្យបានត្រឹមត្រូវ

ប្រែសម្រូល៖ឧត្តម

បុរសៗ ជាពិសេសយុវជនឬកំលោះៗបានដឹងហើយឬនៅថា តើការលាងសម្អាតប្រដាប់ភេទរបស់ខ្លួនយ៉ាងដូចម្តេចឱ្យបានស្អាតនិងត្រឹមត្រូវនោះ។

ប្រដាប់ភេទជាអវយវៈមួយដ៏សំខាន់ណាស់សម្រាប់បុរសពីព្រោះថា យើងត្រូវការប្រើសម្រាប់បញ្ចេញចោលទឹកនោមរៀងរាល់ថ្ងៃ និងរួមទាំងការរួមភេទដើម្បីបន្តពូជពង្សវង្សត្រកូលផង។

ពិតណាស់ ការពុំបានសម្អាតអវយវៈបានត្រឹមត្រូវគឺងាយនឹងបង្កឱ្យមានក្លិន និងនាំឱ្យកើតមេរោគតោងជាប់ត្រង់អវយវៈភេទ។សម្រាប់របស់ងាយកើតមុនគេត្រង់ប្រដាប់ភេទនោះគឺគេហៅថា កាកសំណល់ឬអាចម៍ប្រដាប់ភេទ(Smegma) ដែលកើតមកពីកោសិកាដែលងាប់ឬខ្លាញ់លើស្បែកតែម្តង។កាកសំណល់មួយនេះបាននិងតោងជាប់នៅត្រង់គន្លាក់នៃក្បាលអវយវៈភេទដែលប្រមូលផ្តុំគ្នាត្រង់កន្លែងនេះនាំឱ្យមានក្លិននិងកើតអាការរមាស់។

 *វិធីធ្វើការសម្អាតអវយវ ភេទបុរស

១)ពិនិត្យភាពកខ្វក់

ការងូតទឹករៀងរាល់លើក បុរសត្រូវចេះត្រួតពិនិត្យអវយវៈភេទ ថាមានអ្វីខុសប្រក្រតីឬក៏អត់។ត្រូវចេះត្រួតពិនិត្យត្រង់គន្លាក់អវយវៈភេទថាមានកាកសំណល់ឬក៏អត់ ហើយបើមានគប្បីសម្អាតចេញ។

២)ជ្រើសរើសសាប៊ូប្រភេទខ្សោយដុសសម្អាតអវយវៈភេទ

គួរជ្រើសរើសសាប៊ូប្រភេទណាដែលសមរម្យប្រើក្នុងការដុសសម្អាតប្រដាប់ភេទ ហើយបើគ្មានសាប៊ូប្រភេទខ្សោយទេ គប្បីសម្អាតដោយទឹកស្អាតដើម្បីជួយកំចាត់របស់កខ្វក់និងបំបាត់ក្លិនអាក្រក់ចេញវិញ។

៣)លាងសម្អាតដោយទឹកក្តៅឧណ្ហៗ

ប្រការល្អរបស់ទឹកក្តៅឧណ្ហៗគឺក្រៅពីជួយដល់ការរត់វិលវល់របស់ឈាមហើយនៅជួយធ្វើការសម្អាតអវយវៈភេទរបស់បុរសបានល្អជាងទឹកត្រជាក់ទៀតផង។

៤)ធ្វើការសម្អាតឱ្យបានស្អាតម៉ត់ចត់

សម្រាប់បុរសត្រូវចងចាំថាអវយវៈភេទក៏ជាទីកន្លែងមួយសំខាន់ដែរ ម្ល៉ោះហើយត្រូវសម្អាតឱ្យគ្រប់កន្លោះកន្លៀតទាំង ក្នុងនិងក្រៅ ពិសេសត្រង់គន្លាក់ចុងប្រដាប់ភេទតែម្តង។ក្រៅពីនេះក៏ត្រូវសម្អាតត្រង់តំបន់ពងស្វាស ដើម្បីចៀសវាងការមានក្លិនមិនល្អ។ក្រៅពីនេះក៏ត្រូវសម្អាតត្រង់ថ្ងាសអវយវៈភេទ ហើយនៅពេលសម្អាតរួចរាល់ត្រូវជូតឱ្យស្ងួតរៀងរាលលើក។

៥)ត្រូវចេះកាត់រោមខ្លះចេញ

បើសិនមានអារម្មណ៍ថារោមត្រង់អវយវៈភេទច្រើន មើលទៅសំពីងសំពោងត្រូវកាត់ចោលឱ្យខ្លី ខ្លះដើម្បីបំបាត់អាការក្លិនស្អុយនិងអាការស្កៀបរមាស់ជាដើម។

៦)ធ្វើការសម្អាតរៀងរាល់ក្រោយការរួមភេទ

បើសិនក្រោយការរួមភេទជាមួយដៃគូរួចរាល់គប្បីធ្វើការសម្អាតអវយវៈភេទឱ្យស្អាតល្អ។ដើម្បីកំចាត់ភាពកខ្វក់នៅលាយឡំមកជាមួយ។ត្រូវចងចាំថាត្រូវចេះធ្វើការសម្អាតទាំងមុននិងក្រោយពីការរួមភេទទើបជាការល្អបំផុត។

៧)ត្រូវឱ្យត្រូវខ្យល់អាកាសខ្លះ

មិនត្រូវឱ្យអវយវៈភេទនៅហប់ស្អុះស្អាប់រហូតទេ យកល្អត្រូវចេះបណ្តោយឱ្យវាត្រូវខ្យល់អាកាសនិងកម្តៅថ្ងៃខ្លះ។បើឃើញថាគ្មានឱកាសឱ្យវាត្រូវខ្យល់ឬកម្តៅថ្ងៃបានទេ ត្រូវចេះស្លៀកខោក្នុងរលុងៗដោយមិនត្រូវស្លៀកលីអូជាប់ទាំងយប់ទាំងថ្ងៃរហូតនោះដែរ។

៨)ធ្វើការសម្អាតខោក្នុងឱ្យបានជាប់ជានិច្ច

ខោទ្រនាប់មិនត្រូវឱ្យកខ្វក់ ហើយស្លៀករាប់ថ្ងៃយូរៗទើបបោកគក់នោះមិនល្អសោះឡើយពីព្រោះថាវានឹងឱ្យកើតហប់កើតជាសំណើម ឬកើតការកកិត ហើយបង្កឱ្យកើតរោគសើរស្បែកដូចជាស្រែងកង្កែបឬកើតរមាស់ជាដើម។

ទោះបីយ៉ាងណាត្រូវចងចាំថា មិនត្រូវធ្វើការសម្អាតអវយវៈភេទញឹកញាប់ពេកដែរ ។ចំពោះការលាងសម្អាតឱ្យបានល្អបំផុតនោះគឺក្នុងមួយថ្ងៃ១-២ដង។មិនត្រូវដុសលាងខ្លាំងៗពេកពីព្រោះថាវានឹងនាំឱ្យដាច់រលាត់ឡើងមក។ក្រៅពីនេះក៏មិនត្រូវប្រើទឹកក្តៅខ្លាំងធ្វើការសម្អាតដែរពីព្រោះសុទ្ធសឹងនាំឱ្យអវយវៈរលាកបង្កើតជារបួសបង្កឲ្យមានបញ្ហា៕