សេដ្ឋកិច្ច

សប្ដាហ៍​ទី​៣​ខែតុលា កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជាង​៥៣​ម៉ឺន​នាក់​

ភ្នំពេញ​៖ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ក្នុង​សប្តាហ៍​ទី​៣ ចាប់ពី​ថ្ងៃទី​១៧-២៣ ខែតុលា ២០២២​មាន ចំនួន​៥៣២,៤៥៥​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​៥០៥,១១៧​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​២៧,៣៣៨​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ ខេត្តពោធិ៍សាត់ ១៣៧,៧៣៧​នាក់​, ខេត្ត​ព្រះសីហនុ ១២៩,១៤៧​នាក់​,​ក្រចេះ ១២២,៥៣៩​នាក់​,​សៀមរាប ២៧,២៨៣​នាក់​,​រាជធានី​ភ្នំពេញ ២០,៨៩៨​នាក់​,​ខេត្តកំពត ១៩,៦៩៤​នាក់​។​

​ចំនួន​ភ្ញៀវ​ផ្ទៃក្នុង​បន្ត​មាន​ចំនួន​ច្រើន​ក្នុង​សប្តាហ៍​កន្លងមក ដោយសារ​រដ្ឋបាលខេត្ត​ពោធិ៍សាត់​បានរៀបចំ​ពិធី​ប្រណាំងទូក​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៦-១៨ ខែតុលា ឆ្នាំ​២០២២ និង​រដ្ឋបាល​ខេត្តក្រចេះ​បានរៀបចំ​ពិធី​ប្រណាំងទូក​រយៈពេល​៣​ថ្ងៃ​ផងដែរ ចាប់ពី​ថ្ងៃទី​២១-២៣ ខែតុលា ឆ្នាំ​២០២២​ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​និង​ប្រជាពលរដ្ឋ​ជាច្រើន កុះ​កុរ​។​

​ទន្ទឹមនឹងនេះ នេះ​ជា​សប្តាហ៍​ទី​៣​ជាប់​គ្នា​ដែល​ខេត្ត​ព្រះសីហនុ​បន្ត​ទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ជាច្រើន​បន្ទាប់ពី​មានការ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ រយៈពេល​១​ខែ​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ​២០២២​។​បណ្តា​ខេត្ត​ផ្សេងទៀត​ដែល​នៅជាប់​បណ្តោយ​ដង​ទន្លេ​បាននិងកំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍ ប្រណាំងទូក​ទៅតាម​ពេលវេលា​សមស្រប​និង​ស្ថាន​ភាព​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

​ដោយឡែក បណ្តា​រដ្ឋបាល​រាជធានី​-​ខេត្ត និង​គណៈបញ្ជាកា​ឯកភាព​បាន​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​ទឹកជំនន់​ក្នុង​មូលដ្ឋាន​ខ្លួន ការចុះ​ចែក​ស្បៀងអាហារ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ រួមជាមួយ​ការដាក់ចេញ​វិធានការ​សង្គ្រោះ​ក្នុងករណី​បន្ទាន់​ផងដែរ​៕​ដោយៈផាវី