សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​៣​ខែ​ទៀត​សម្រាប់​វិស័យ​ទេសចរណ៍​

​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​បាន​បន្ត​អនុវត្ត​វិធានការ​រយៈពេល​០៣​ខែ​បន្ថែមទៀត សម្រាប់​បន្ត​គ្រប់គ្រង​ផល​ប៉ៈ​ពាល់​និង​គាំទ្រ​ការ​ងើប​ទ្បើង​វិញនៃ​វិស័យ​ទេសចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោ​ងា​តាមរយៈ​សេចក្តីជូនដំណឹង​របស់​រាជរដ្ឋាភិបាល​លេខ ០៣ ប្រកព ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​ជូន​វិស័យ​ទេសចរណ៍ ដូចខាងក្រោម​៖
១.​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ លើកលែងតែ​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ដែល​បាន​ចុ​បញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហនុ សម្រាប់​រយៈពេល​០៣​ខែ​បន្ថែមទៀត​គឺ​ពី​ខែតុលា ដល់​ខែធ្នូ ឆ្នាំ​២០២២​។ អាជីវកម្ម​ទាំងនេះ​នៅតែមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ទ្បា​ញ​សម្រាប់​ការគ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT) ជា​រៀងរាល់ខែ​ក្នុង​អំ​ទ្បុ​ង​ពេលនេះ​។​

២. លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំ​២០២២ ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។​អាជីវកម្ម​ទាំងនេះ​នៅតែមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០២២ យ៉ាង​យឺត​បំផុត​ឱ្យបាន​មុន​ដំណាច់​ខែមីនា ឆ្នាំ​២០២៣​។​

៣. បន្ត​ជំរុញ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ដល់​បុគ្គលិក​របស់ខ្លួន​ដោយ​ខ្លួនឯង​និង​មានលទ្ធភាព​ស្នើសុំ​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​សំណាក់​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) តាម​ការចាំបាច់​។៕ដោយ៖ផាវី