ព័ត៌មានជាតិ

ប្រាសាទតូចៗចំនួន៩ក្នុងចំណោម ១២ នៅមេបុណ្យខាងលិច បានបង្ហាញខ្លួនឡើងវិញហើយ

សៀមរាប៖ ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយនឹង​ស្ថានទូត​បារាំង ក្នុងការជួសជុលប្រាសាទបុរាណមេបុណ្យខាងលិច បានជួយសង្គ្រោះ​ប្រាសាទតូចៗចំនួន៩ក្នុងចំណោមប្រាសាទទាំងអស់ចំនួន១២ ឱ្យលេចចេញរូបរាង​ឡើងវិញហើយ បន្ទាប់ពីក្រុមការងារបានរួមគ្នាធ្វើការអស់រយៈពេលប្រមាណ​ជាង៣ឆ្នាំមកនេះ។

មន្ត្រីបច្ចេកទេស របស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក ម៉ៅ សុខនី មានប្រសាសន៍ថា ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ក្រុមការងារបានប្រឹងប្រែងជួសជុលនិងដំឡើងប្រាសាទចំនួន៦ នៅមេបុណ្យខាងលិចដែលរលំបាក់បែក ឱ្យមានរូបរាងឡើងវិញហើយ។ មន្ត្រីដដែលបញ្ជាក់ទៀតថា នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ ដំណើរការដំឡើងនិងជួសជុលប្រាសាទទាំង៦នេះអាចនឹងបញ្ចប់ជាស្ថាពរ ។ចំណែកឯប្រាសាទតូចៗចំនួន៣ទៀតប្រសិនបើបន្ថែមកម្លាំងការងារនិងសម្ភារជួសជុលឱ្យបានច្រើនលើសពីពេលបច្ចុប្បន្ន គឺអាចនឹងបញ្ចប់ការដំឡើងនិងការជួសជុល​នៅត្រឹមចុងឆ្នាំ២០២៤។

ប្រាសាទមេបុណ្យខាងលិច ជាប្រាសាទបុរាណ ដែលមានទីតាំងស្ថិតនៅលើដីទួលមួយ​កន្លែង ចំកណ្តាលបារាយណ៍ខាងលិច នៃអតីតក្រុងអង្គរ ។ ប្រាសាទនេះ​បានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទី១១ នៃគ្រិស្តសករាជក្នុងរាជ្យ​ព្រះបាទឧទយាទិត្យវរ្ម័នទី២ (ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសចំពោះបុព្វការីជនរបស់​ព្រះអង្គ។ ប្រាសាទនេះមានលក្ខណៈប្លែក ពិសេស គឺសំណង់ប្រាសាទបានផ្គុំឡើង​ដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួល។

នៅក្នុងបរិវេណប្រាសាទមេបុណ្យខាងលិចនោះ មានប្រាសាទតូចៗចំនួន១២និងមាន​រានហាល ដែលគេសង់ឡើងនៅកណ្ដាលស្រះទឹកមួយទៀត សម្រាប់ដាក់រូបព្រះវិស្ណុផ្ទុំ។

ប្រាសាទមេបុណ្យខាងលិច ធ្លាប់ទទួលរងការបាក់បែកខ្លាំង ដូចជាល្បាប់ភក់បានលុបពីលើ និងមានដើមរុក្ខជាតិធំៗដុះចាក់ឬសបំផ្លាញផង។

ប្រាសាទនេះធ្លាប់ទទួលបានការជួយសង្គ្រោះជាលើកដំបូងនៅក្នុងឆ្នាំ១៩២០។ប៉ុន្តែនៅក្នុងឆ្នាំ១៩៣៦​ប្រាសាទនេះបានបែកបាក់ម្ដងទៀត ដោយសារមានអ្នកលួច​គាស់កកាយរកវត្ថុបុរាណ។នៅឆ្នាំ១៩៤០ប្រាសាទនេះ ត្រូវបានជួសជុលផ្នែកខ្លះម្ដងទៀត។

ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០១៨ អ្នកជំនាញរបស់ស្ថានទូតបារាំង បានមកសិក្សាម្ដងទៀត ដោយចាប់ផ្ដើមគូសប្លង់ ធ្វើទំនប់ទឹក ព្រមទាំងរើថ្មដែល​បាក់បែកនិងជួសជុលប្រាសាទខ្លះ ។ នៅឆ្នាំ២០១៩ ក្រុមអ្នកជំនាញបុរាណវិទ្យារបស់​អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថានទូតបារាំង បានចាប់អនុវត្តគម្រោងជួសជុល​ជាទ្រង់ទ្រាយធំ រហូតមកដល់បច្ចុប្បន្ន៕