សេដ្ឋកិច្ច

ក្រសួងកសិកម្ម​ណែនាំ​ឲ្យ​កសិករ​កាត់​បន្ថយថ្លៃ​ចំណាយ​លើ​ការដាំដុះ​ស្រូវ

​បាត់ដំបង​៖ «​ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​ក្នុង​ការងារ​ដាំ​ដុះ​ដំណាំ​ស្រូវ កសិករ​ត្រូវ​ងាក​មក​អនុវត្ត​ជាមួយ​កត្តា​ធំៗ​ចំនួន​បី​រួមមាន​: ១- កាត់បន្ថយ​ថ្លៃដើម ២-ស្រូវ​មានគុណ​ភាពល្អ និង​៣- ស្រូវ​មានតម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​»​។​នេះ​បើតាម​អះអាង​របស់​ឯកឧត្តម​បណ្ឌិត ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទក្នុងពេល​បាន​ជួប​សំណេះ សំណាល​ជាមួយ​ប្រជាកសិករ​នៅក្នុង​ភូមិ​ចក​កាប់​ជើង ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​។

ឯកឧត្តម​បណ្ឌិត ងិន ឆាយ បន្ត​បញ្ជាក់ថា​៖​ដើម្បី​កាត់បន្ថយ​ថ្លៃដើម បងប្អូន​ប្រជាកសិករ​គប្បី​ចេះ​ជ្រើសរើស​ពូជ​សុទ្ធ​ល្អ ដាំ​ដុះ​រយ​:​ពេល​ខ្លី នោះ​កសិករ​នឹង​ចំណេញ​ពេលវេលា ចំណេញ​ទឹក​ស្រោចស្រព កម្រៃ​ប្រើ​ថ្នាំ​កម្ចាត់​សត្វល្អិត ចំណេញ​ទាំង​ការប្រើប្រាស់​ជី​ច្រើន រួមទាំង​មាន​កិច្ចសហការ​ជិតស្និត​រវាង​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម និង​កសិករ​ឬ​មាន​កិច្ចសន្យា​ច្បាស់លាស់​រវាង​សហគមន៍​កសិករ ជាមួយនឹង​ឈ្មួញ​អ្នក​ផលិត​ពូជ​ជាដើម ( តាម​ការសិក្សា​ការប្រើ​ពូជ​សុទ្ធ បានផ្តល់​ទិន្នផល​កើនឡើង​ខ្ពស់​ពី ១៥ ទៅ​២០% )​។​

​លោក​បាន​បន្ថែមថា​៖​បរិមាណ​គ្រាប់ពូជ​ដែល​ត្រូវ​ដាំ​ដុះ ត្រូវជា​ពូជ​សុទ្ធ​ដែលមាន​ដំណុះ​ខ្ពស់ ពូជ​មាន​អាយុកាល​ខ្លី បរិមាណ​ពូជ​ក្នុងការ​ព្រោះ​សមស្រប​មិន​ប្រើ​ច្រើនពេក​តាម​បច្ចេកទេស​កសិកម្ម​ដើម្បី​ឲ្យ​ស្រូវ​មាន​ផល​ខ្ពស់​អាស្រ័យ​លើក​ត្តា​បី ដូចជា​: ចំនួន​ដើម​ផ្តល់​ផល​ច្រើន ចំនួន​កួរស្រូវ​ច្រើន​ក្នុង​មួយ​ដើមៗនិង​គ្រាប់ស្រូវ​មាន​ទម្ងន់​ធ្ងន់​ដូចនេះ​មានន័យថា ការប្រើ​គ្រាប់ពូជ​ច្រើន​លើសលប់​មិន​ប្រាកដថា​បាន​ផល និង​ចំណេញ​ច្រើន​នោះឡើយ​ដូចគ្នា​ដែរ​ចំណែកឯ​ជី​ក៏ត្រូវ​កាត់បន្ថយ​អំឡុងពេល​ស្រូវ​ជិត​ប្រមូល​ផល​មិនត្រូវ​ប្រើ​ច្រើនពេក​នោះទេ​ព្រោះ​ស្រូវ​​ស្រូប​ជី​មិន​អស់​សល់​ចោល​នៅក្នុង​ដី​។​

​មន្ត្រី​ជំនាញ​ដដែល​បានបញ្ជាក់​ទៀតថា​÷ ការកាត់បន្ថយ​មួយផ្នែក​ទៀត​លើ​ការបាញ់​ថ្នាំ​កម្ចាត់​ស្មៅ កម្ចាត់​សត្វល្អិត​ជាដើម ក៏​ជា​ចំណុច​ដែល​កសិករ​ត្រូវ​ចំណាយលុយ​ច្រើន ពិសេស​ស្រូវ​មាន​ជម្ងឺ​ក្រា​ស៊ី​ដើម ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​ពិនិត្យ​ប្រភេទ​ជម្ងឺ​ឲ្យ​បាន​ច្បាស់លាស់​រួច​ប្រើប្រាស់​ថ្នាំ​បាញ់​ទប់ស្កាត់​ឲ្យ​ចំ​គោលដៅ​តែ​គួរ​ប្រយ័ត្ន​ចំពោះ​អ្នកលក់​ឯកជន​ដែល​ចេះតែ​សន្និដ្ឋាន​មិនមាន​មូលដ្ឋាន​ត្រឹមត្រូវ​នាំ​កសិករ​អនុវត្តតាម​ទិញ​ថ្នាំ​ច្រើន​មុខ​ប្រើប្រាស់​មិនបាន​កាត់បន្ថយ​ថ្លៃដើម​៕