កីឡា

អតីត​ខ្សែបម្រើ​របស់ Man Utd ក្លាយ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់ Boro

លោក Michael Carrick ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់​ក្រុម Middlesbrough (Boro) ដែលកំពុង​តែ​តស៊ូនៅ​លីគ​កម្រិតទី២ របស់អង់គ្លេស។ នេះបើយោងតាមការ​ប្រកាស​ពី​ក្លិប នៅ​ក្របខ័ណ្ឌ Championship កាលពីថ្ងៃចន្ទ។

អតីតខ្សែបម្រើ និងជាជំនួយការរបស់ក្រុម​បិសាច​ក្រហម Manchester United វ័យ ៤១​ឆ្នាំរូបនេះ ត្រូវ​ចូល​មក​ជំនួសតំណែងរបស់​លោក Chris Wilder ដែលត្រូវបានបញ្ចប់​តួនាទី កាលពីដើមខែនេះ ហើយនឹងត្រូវបាន​ចូលរួមនៅឯ​កីឡដ្ឋាន Riverside ដោយអតីតគ្រូបង្វឹករបស់​ក្រុម Boro លោក Jonathan Woodgate ដែលនឹងត្រឡប់ទៅក្លិបភាគឦសានវិញ ក្នុងតួនាទីជាគ្រូបង្ហាត់ក្រុមធំ។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លិប Middlesbrough បានឱ្យដឹងថា៖ «ក្លិបមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសតែងតាំងលោក Michael Carrick ជាគ្រូបង្វឹកថ្មី។ លោក Michael នឹង​នាំមកនូវបទពិសោធដ៏សម្បូរបែបដល់ក្លិប ដែល​គាត់​បានចំណាយពេល ១២ឆ្នាំ ក្នុងនាមជាកីឡាករនៅក្លិប Manchester United មុនពេលគ្រូបង្ហាត់ និងអ្នកចាត់​ការ​បណ្ដោះ​អាសន្នរបស់​ក្លិប  នៅ​ទឹក​ដី Old Trafford»។

បច្ចុប្បន្ន ក្រុម Middlesbrough កំពុងឈរនៅ​ចំណាត់​ថ្នាក់លេខទី២១ ក្នុងតារាងពិន្ទុ​របស់​ក្របខ័ណ្ឌ Championship ដោយ​មានគម្លាត​ត្រឹមតែ ១​ពិន្ទុប៉ុណ្ណោះ​ពីលើក្រុម នៅតំបន់ ដែលត្រូវកាត់ទម្លាក់​ទី​លីគ​ទី ៣ បន្ទាប់ពីប្រកួត​ស្មើដោយគ្មានគ្រាប់បាល់ កាលពីថ្ងៃអាទិត្យ នៅឯផ្ទះរបស់​ក្រុមបាតតារាង Huddersfield៕