កីឡា

មន្ត្រីជាន់​ខ្ពស់ក្លិប​ Shakhtar ស្នើ​ឱ្យ​យកអ៊ុយក្រែន ជំនួសអ៊ីរ៉ង់ នៅ World Cup ​

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្លិប​បាល់​ទាត់អាជីព​របស់ប្រទេសអ៊ុយក្រែន បាន​លើក​ឡើង​ថា ក្រុម​ជម្រើសជាតិអ៊ីរ៉ង់ គួរតែត្រូវ​ដកចេញពីការប្រកួតបាល់ទាត់ពិភពលោក (World Cup) ឆ្នាំនេះ ហើយជំនួសវិញដោយ​អ៊ុយក្រែន ដោយ​ចោទប្រកាន់ថា យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់អ៊ីរ៉ង់ ត្រូវ​បាន​រុស្ស៊ីយក​ទៅ​ប្រើ​ប្រាស់ក្នុងសង្រ្គាមប្រឆាំងនឹងទីក្រុងកៀវ។

​នាយកប្រតិបត្តិរបស់​ក្លិប Shakhtar Donetsk លោក Sergiy Palkin បានសរសេរ នៅលើបណ្ដាញ​សង្គម Facebook ថា៖ «ក្នុង​ខណៈពេលដែលអ្នក​ដឹកនាំរបស់ប្រទេស​អ៊ីរ៉ង់ នឹងរីករាយក្នុងការមើលក្រុម​ជម្រើសជាតិ​របស់ពួកគេលេងនៅ World Cup ប្រជាជនអ៊ុយក្រែនឯណេះ​វិញនឹង​​ត្រូវបានសម្លាប់​ដោយដ្រូន និងមីស៊ីលអ៊ីរ៉ង់»។

«ពួកវា (ដ្រូន) នីមួយៗ  ត្រូវបានផលិត និង​បញ្ជូនដោយអាជ្ញាធរអ៊ីរ៉ង់ ហើយគ្រូបង្ហាត់ និងយោធាអ៊ីរ៉ង់ ​​បាន​បណ្តុះបណ្តាល និងគ្រប់គ្រងដោយផ្ទាល់សម្រាប់​ការបាញ់បង្ហោះដ្រូន ដែលបានបំផ្លាញផ្ទះ សារមន្ទីរ សាកលវិទ្យាល័យ ការិយាល័យ កន្លែងកីឡា និងកន្លែងលេង​កម្សាន្តនានា ហើយសំខាន់បំផុត​នោះ គឺការ​បំផ្លាញ​ជីវិត​ពលរដ្ឋអ៊ុយក្រែន»។ លោក Palkin បានបន្ត។

លោក​នាយក​ប្រតិបត្តិ​រូប​នេះ បាន​បន្ថែម​ថា​៖ «ក្លិប ​Shakhtar សូម​អំពាវនាវឱ្យ FIFA (សហព័ន្ធ​បាល់​ទាត់ពិភពលោក) និងសហគមន៍អន្តរជាតិទាំងមូល ធ្វើ​ការ​ហាមឃាត់ ចំពោះ​ក្រុមជម្រើសជាតិអ៊ីរ៉ង់ជាបន្ទាន់ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែងនៅ World Cup ដោយសារ​ការចូលរួមដោយផ្ទាល់របស់ប្រទេសនេះក្នុងការវាយប្រហារភេរវកម្មលើជនជាតិអ៊ុយក្រែន»។

លោក Palkin បានជំរុញឱ្យ FIFA យក​ក្រុមអ៊ុយក្រែនជំនួស​អ៊ីរ៉ង​នេះ បន្ទាប់​ពី​បង្ហាញថា ក្រុម​ជម្រើសជាតិនេះស័ក្តិសមចូលរួមក្នុង​ព្រឹត្តិការណ៍ World Cup ដោយ​លោក​បាន​ប្រាប់​​ថា​៖ «​ដោយ​មាន​លក្ខខណ្ឌ​មិន​ស្មើ​គ្នា​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ផ្សេង​ទៀត​ ក្នុង​ពេល​ប្រកួត​វគ្គជម្រុះ ពួកគេ​លេង​ដោយ​បេះដូង​»​។

ការប្រកួត​ប្រជែង World Cup នៅប្រទេសកាតា នឹងចាប់ផ្តើមនៅថ្ងៃទី​២០ ខែវិច្ឆិកាខាង​មុ​ខនេះ។ ក្រុម​អ៊ុយក្រែនបាន​យក​ឈ្នះ​ស្កុតឡេន ៣-១ នៅ​ទីក្រុង Glasgow មុន​នឹង​ធ្លាក់​ដោយ​សារ​​ក្រុមវេលស៍ ជាមួយ​នឹង​បរាជ័យ ១-០ ក្នុង​​វគ្គ Play-off ផ្ដាច់ព្រ័ត្រ សម្រាប់​ការដណ្ដើ​ម​សិទ្ធិទៅ​ចូល​រួម World Cup កាល​ពី​ខែ​មិថុនា ក្នុង​ទីក្រុង Cardiff៕