ព័ត៌មានជាតិ

ពលរដ្ឋខ្មែរនៅកាណាដាបរិច្ចាគថវិកា ជួសជុលចម្លាក់ទេវតាទាញព្រ័ត្រនៅខ្លោងទ្វារតាកាវ

សៀមរាប៖ មន្ត្រីអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា មានប្រជាពលរដ្ឋខ្មែរខ្លះ ដែលកំពុងរស់នៅឯប្រទេស កាណាដា បានរួមគ្នាស្ម័គ្រចិត្តបរិច្ចាគថវិកាមួយចំនួន ដើម្បីជួយដល់ដំណើរការជួសជុលរូបចម្លាក់ ថ្មទេវតា ទាញព្រ័ត្រនៃខ្លោងទ្វារតាកាវ របស់ក្រុងអង្គរធំ ដែលក្រុមការងារកំពុងតែអនុវត្តលើគម្រោង ជួសជុល។

អាជ្ញាធរជាតិអប្សរា បានចាត់ទុកការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋខ្មែរខ្លះ នៅប្រទេសកាណាដា ដើម្បីជួសជុលរូបចម្លាក់ថ្មទេវតាទាញព្រ័ត្រនៃខ្លោងទ្វារតាកាវ របស់ក្រុងអង្គរធំនេះ ដោយសារតែទឹកចិត្តស្រឡាញ់និងការរួមគ្នា អភិរក្សប្រាង្គប្រាសាទបុរាណ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរនិងជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃឱ្យបាននៅគង់វង្សយូរអង្វែងទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញបន្តទៀត។

ស្ថាបត្យករនិងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ កញ្ញា ម៉េង សុវណ្ណលីលីនបានសម្តែងការត្រេកអរនិងថ្លែងអំណរគុណ ចំពោះពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសកាណាដា បានជួយឧបត្ថម្ភចំពោះដំណើរការជួសជុល អភិរក្សបេតិកភណ្ឌនេះ។

បច្ចុប្បន្ននេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលរូបចម្លាក់ទេវតាទាញព្រ័ត្រតួទី៨ តាមរយៈជំនួយថវិកាពីសប្បុរសជនខ្មែរ នៅប្រទេសកាណាដានេះ  ។

គម្រោងជួសជុលខ្លោងទ្វារតាកាវមានពីរផ្នែក គឺដំណាក់កាលទី១ ក្រុមការងារបានជួសជុល ពង្រឹងតួខ្លោងទ្វារនិងចម្លាក់ទេវតានិងចម្លាក់អសុរាទាញព្រ័ត្រនៅអមសងខាងស្ពានហាលបានចំនួន៧តួរួចហើយ។ប៉ុន្តែការងារជួសជុលរូបទេវតាទាញព្រ័ត្រនេះ មិនអាចធ្វើបន្តត្រឹមតែតួទី៨ប៉ុណ្ណោះទេ គឺចាំបាច់ទាមទារឱ្យមានការជួសជុលតួទី៩ទៀត ស្របពេលជាមួយគ្នា ពីព្រោះតែរចនាសម្ព័ន្ធខ្លួននាគ ទី៨និងទី៩មានទំនាក់ទំនងនឹងគ្នា ។

ស្ពានហាលខ្លោងទ្វារតាកាវ របស់ក្រុងអង្គរធំ មានអាយុកាលច្រើនរយឆ្នាំមកហើយ បច្ចុប្បន្ន កំពុងទទួលរងការគំរាមកំហែងពីអាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើធំៗ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាជាច្រើនបានដួលរលំ។

ដោយសារភាពទ្រុឌទ្រោមខ្លាំងនេះ បច្ចុប្បន្នខ្លោងទ្វារតាកាវ បានបិទជាបណ្ដោះអាសន្ន មិនឱ្យអ្នកដំណើរឆ្លងកាត់ទេ ទីមួយគឺដើម្បីសុវត្ថិភាពអ្នកដំណើរ និងទី២ដោយសារតែក្រុមអ្នក ជំនាញកំពុងបន្តអនុវត្តដំណើរការជួសជុលឱ្យប្រសើរឡើងវិញ៕