កីឡា

គ្រូបង្វឹក​របស់ Villarreal ត្រូវបាន​តែង​តាំង​ជា​អ្នក​ចាត់​ការ​របស់ Villa

អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Unai Emery នឹងវិល​ត្រឡប់មកកាន់​ក្របខ័ណ្ឌ Premier League វិញ ក្នុងខែវិច្ឆិកា ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុម Aston Villa។ នេះបើយោងតាមការ​ប្រកាស​របស់​ក្លិប នៅអង់គ្លេស កាលពីថ្ងៃចន្ទ។

លោក Emery ដែលចាកចេញពីតំណែងរបស់គាត់នៅក្លិប Villarreal របស់​អេស្ប៉ាញ ត្រូវ​ចូលមក​កាន់តំណែងតពីលោក Steven Gerrard ដែលត្រូវបានដកកាលពីសប្តាហ៍មុន បន្ទាប់ពីក្រុម Villa បានរង​បរាជ័យ ៣-០ ដោយ​សារ​ក្រុម Fulham។

ក្នុងសេចក្តីថ្លែងការណ៍របស់​ខ្លួន ក្លិបនៃ​តំបន់ Midlands បានឱ្យ​ដឹង​ថា៖ «​ក្លិប Aston Villa មានភាព​រីករាយ ក្នុងការប្រកាសឱ្យ​ដឹង​ពី​ការ​តែងតាំងលោក Unai Emery ជាគ្រូបង្វឹកថ្មីរបស់ក្រុម។លោក Emery ជាគ្រូបង្វឹកមាន​បទពិសោធនកម្រិតកំពូលម្នាក់ ដែលបានដឹក​នាំ​ការ​ប្រកួត​ចំនួន​ជាង ៩០០លើក»។

បុរសវ័យ ៥០ឆ្នាំរូបនេះ បានដឹកនាំក្រុម Villarreal ឱ្យទទួលបានជោគជ័យ នៅ​ក្របខ័ណ្ឌ Europa League របស់​អឺរ៉ុប ក្នុងឆ្នាំ២០២១ ដោយបានយក​ឈ្នះក្រុមបិសាចក្រហម Manchester United នៅវគ្គផ្តាច់ព្រ័ត្រ មុនពេលដឹកនាំក្រុម​នេះឡើង​ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ដែលពួកគេបានចាញ់ក្រុមហង្សក្រហម Liverpool។

នៅមុន​នោះ ​គាត់​ក៏​បានជួយ​ឱ្យ​ក្រុម​នៅ​អេស្ប៉ាញ​មួយ​ទៀត គឺ​ Sevilla លើក​ពានរបស់ Europa League ៣ដង​ជាប់​គ្នា ​ចន្លោះ​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៦ ហើយ​​បន្ត​ទៅ​ឈ្នះ​ជើង​ឯក នៅ​ក្របខ័ណ្ឌ​ Ligue 1 នៅ​បារាំង​ជាមួយក្រុម Paris Saint-Germain ទៀត។

អំឡុងពេលលេងនៅជាមួយ​ក្លិប Arsenal គាត់បានដឹកនាំក្រុមកាំភ្លើងធំឱ្យ​ឆ្លង​ដល់​វគ្គផ្តាច់ព្រ័ត្រ នៅ Europa League ឆ្នាំ២០១៩ ដែល​ពេល​នោះ បាន​​ចាញ់​ក្រុមរួម​លីគតោខៀវ Chelsea ៤-១៕