សេដ្ឋកិច្ច

កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បើក​វេទិកា​ធុរកិច្ច ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម

ភ្នំពេញ​៖​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​បើក​វេទិកា​ធុរកិច្ច ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ពី​កាលានុវត្តភាព​វិនិយោគ និង​ធុរកិច្ច​ដែល​ប្រព្រឹត្តទៅ​នៅ​រដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​

​វេទិកា​ធុរកិច្ច​នេះ សហការ​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា និង​សភាព​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ធំៗ របស់​ប្រទេស​ទាំងពីរ​ប្រមាណ​៩០​រូប និង​រៀបចំឡើង​ក្នុង​គោលបំណង ពង្រីក និង​ពង្រឹង​បណ្តាញ​ពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ពី​កាលានុវត្តភាព​វិនិយោគ​និង​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរជាពិសេស​ក្នុង​វិស័យ​សក្តានុពលរួមមាន​៖ កសិកម្ម  ក​សិ​-​ឧស្សាហកម្ម ឧស្សាហកម្ម ថាមពល ហិរញ្ញវត្ថុ ការសាងសង់ ឧស្សាហកម្ម​សម្លៀកបំពាក់ និង​ទំនិញ​សម្រាប់​ធ្វើដំណើរ​។​​ល​។​

​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​បណ្ឌិត ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី រដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ក្រសួង​សេដ្ឋកិច្ច អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី និង​ថ្លែង​សុន្ទរកថា បើក​វេទិកា​ធុរកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​-​កម្ពុជា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា​ដោយ​លោក រ៉ា​សិត អាប​ឌុល ការី​ម អាល បា​លូ​ហ្ស៊ី (Rashed Abdul Karim Al Balooshi) អគ្គលេខាធិការរង នាយកដ្ឋាន​អភិវឌ្ឍ​សេដ្ឋកិច្ច អា​ប៊ុ​យ ដា​ប៊ី​។​

​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ដែល​បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ក្នុង​វេទិកា​ធុរកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​-​កម្ពុជា និង​បាន​អបអរសាទរ ពិធី​ប្រកាស​បើក​ការចចារ​ជា​ផ្លូវការ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​

​អ្នកឧកញ៉ា​ប្រធាន​បានលើកឡើង អំពី​កាលានុវត្តភាព​ធុរកិច្ច​វិនិយោគ ស្ថានភាព​សេដ្ឋកិច្ច វិស័យ​សក្តានុពល​រប​ស់​កម្ពុជា និង​ការរីក ចម្រើន​របស់​វិស័យ​នីមួយៗ​ដោយ​ជំរុញ​ឲ្យ​វិនិយោគិន អេ​មី​រ៉ា​ត​អារ៉ាប់​រួម បំព​ញ​ទស្សនកិច្ច​នៅ​កម្ពុជា និង ពិនិត្យ​លទ្ធភាព​សហការ​លើ​គម្រោង​រួម​។​

​អ្នកឧកញ៉ា​ប្រធាន​បាន​គូសបញ្ជាក់ថា ៖ កម្ពុ​ជាមាន​ទីផ្សារ​ទូលំ​ទូលាយ ក្នុង​ពិភពលោក ក្រោម​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ពហុភាគី និង​ទ្វេភាគី រួមមាន​ដូចជា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​កូរ៉េ​ជាដើម​៕ដោយ៖សិរីមតី