កីឡា

Valverde និង Benzema នឹងនៅ​ក្រៅ​ទីលាន​ដូ​ចគ្នា

កីឡាករ Federico Valverde នឹងមិន​បាន​ចូល​រួម​ការប្រកួតនៅ​ក្របខ័ណ្ឌ Champions League នៅ​ពេល​ដែល​ក្រុម​អធិរាជស Real Madrid ​ជួប​ក្រុម RB Leipzig នៅថ្ងៃអង្គារនោះ​ឡើយ ដោយរូបគេ​​ជាមួយនឹង​ខ្សែប្រយុទ្ធ Karim Benzema ត្រូវបានដកឈ្មោះ​ចេញពីការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់នេះ​។

ខ្សែបម្រើសញ្ជាតិអ៊ុយរូហ្គាយ Valverde បង្ហាញទម្រង់លេងបានយ៉ាងល្អ សម្រាប់ក្រុម Madrid នារដូវកាលនេះ ហើយបានស៊ុតបញ្ចូលទីគ្រាប់ទី៧ របស់ខ្លួននៅ​រដូវកាល​ថ្មី​នេះ ក្នុងជ័យជម្នះ ៣-១ លើ​ក្រុម Sevilla កាលពីថ្ងៃសៅរ៍។

តែរូប​គេបាន​រង​របួស ក្នុងការប្រកួតនោះ បន្ទាប់ពីមាន​ការ​ប៉ះ​ទង្គិចជាមួយកីឡាករ Papu Gomez ដែលត្រូវបាន​ពិន័យកាត​លឿង ដោយ​សារបង្ក​កំហុសពី​ការ​ប្រជែង​នោះ​ ហើយ​របួសនេះបានធ្វើ​ឱ្យ​កីឡាករ Valverde ដក​ឈ្មោះ​ចេញ​ផែនការរបស់គ្រូបង្វឹក លោក Carlo Ancelotti សម្រាប់ហ្គេម នៅពាក់កណ្តាលសប្តាហ៍នេះ។

ម្ចាស់ជយលាភីពានរង្វាន់ Ballon d’Or កីឡាករ Benzema ក៏​ត្រូវបានរំពឹងថា នឹងអវត្តមានក្នុងការប្រកួត​ទល់​នឹង​ក្រុម Leipzig នេះ​ដែរ ព្រោះ​​មិន​បាន​បង្ហាញ​ខ្លួន​ ក្នុង​ហ្គេម​ជាមួយក្រុម Sevilla នោះ​ឡើយ ដោយសារតែមាន​បញ្ហា​សាច់ដុំនៅជើងខាងឆ្វេង ហើយការ​គ្មាន​ឈ្មោះ​នេះ ក៏​ត្រូវបានបញ្ជាក់ នៅពេលដែល​ក្រុម Madrid ប្រកាសពី​ក្រុម ក្នុង​ដំណើរ​ទៅ​អាល្លឺម៉ង់របស់ពួកគេ។

ទាំងកីឡាករ Valverde និង Benzema ត្រូវបានរំពឹងថា នឹងនៅក្រៅទីលាន ក្នុង​រយៈពេលយូរ ដោយសេចក្ដីរាយការណ៍ នៅក្នុងប្រទេសអេស្ប៉ាញ បាន​ឱ្យ​ដឹង​ថា ទាំង ២នាក់ អាចត្រឡប់មកមាន​សកម្មភាព​វិញ ក្នុងការប្រកួតជា​មួយ​ក្រុម Girona នៅ​ក្របខ័ណ្ឌ La Liga នាថ្ងៃអាទិត្យចុង​សប្ដាហ៍​នេះ៕