កីឡា

Lazio បញ្ចប់​កំណត់ត្រា​មិន​ចាញ់​របស់ Atalanta ហើយ​រំកិលទៅកៀក Napoli

ក្រុម Lazio បានរំកិល​ទៅ​នៅ​ក្នុងរង្វង់តែ ៥​ពិន្ទុ តាម​ពី​ក្រោយ​ក្រុម Napoli ដែលឈរ​លើ​គេក្នុង​តារាងពិន្ទុ​នៃ​ក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ ជាមួយនឹងជ័យជម្នះ ២-០ នៅឯទឹកដីរបស់ក្រុម Atalanta ដែលលទ្ធផល​នេះ បានបញ្ចប់កំណត់ត្រាមិនចាញ់សោះ​របស់ក្រុមគូប្រជែង​របស់​ខ្លួន សម្រាប់​ការ​ប្រកួតនៅ​លីគ​កំពូលរបស់ប្រទេសអ៊ីតាលី។

ក្រុម Atalanta មានឱកាសទៅ​ឈរ​លេខ ២ ប៉ុន្តែក្រុម Lazio បានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះ ទោះ​បី​ជា​គ្មានខ្សែប្រយុទ្ធអន្តរ​ជាតិអ៊ីតាលី Ciro Immobile ដែល​រង​របួស​ក៏ដោយ ដើម្បី​រក្សា​ឱកាសក្នុង​ការ​ទៅកាន់​តែកៀក​នឹង​ក្រុម​កំពូល​តារាង។

ការស៊ុតបញ្ចូលទីរបស់កីឡាករ Mattia Zaccagni បានជួយ​ឱ្យក្រុមភ្ញៀវនាំមុខ នៅនាទីទី១០សម្រាប់​ការ​ប្រកួត នៅកីឡដ្ឋាន Gewiss ហើយ​ខ្សែប្រយុទ្ធ Felipe Anderson ដែល​មក​ជំនួស​កន្លែង​របស់​កីឡាករ Immobile បាន​បន្ថែម​ការ​នាំមុខទ្វេដង នៅ​ដើម​វគ្គ​ទី ២ ដែល​ជា​គ្រាប់​បាល់​ជួយ​ធានាឱ្យ​ក្រុម Lazio ហក់​ឡើង​ទៅ​នៅ​ពីលើ​ក្រុម Atalanta ក្នុង​ចំណាត់​ថ្នាក់​លេខ ៣។ ​​

តែ​យ៉ាង​ណា​ក្ដី ក្រុមរបស់លោក Maurizio Sarri មាន ២៤ពិន្ទុស្មើ​ជាមួយនឹងក្រុម Atalanta ដែលឈរនៅលេខរៀងទី៤ បន្ទាប់ពីឈ្នះ ៤លើកក្នុងចំណោមការប្រកួត នៅលីគចំនួន ៦លើកចុងក្រោយរបស់ពួកគេ ដោយ​ក្នុង​នោះ​ពួកគេមិនបានរបូតគ្រាប់បាល់សូម្បីតែ ១គ្រាប់។

នៅក្រោយ​ការប្រកួត កីឡាករ Anderson បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ DAZN ថា៖ «ឆ្នាំនេះយើងលេងគ្រប់ការប្រកួត ដូចជាក្រុមដែលប្រយុទ្ធដើម្បីដណ្ដើម​បាន​គ្រប់​គ្រាប់​បាល់អ៊ីចឹង ហើយអ្នកអាចឃើញលទ្ធផលនោះហើយ​។ យើងបានដឹងថា នេះនឹងក្លាយជាការប្រកួតដ៏លំបាកបំផុតមួយនៃរដូវកាល ជាពិសេសដោយគ្មានប្រធានក្រុម Ciro (Immobile)។ ថ្ងៃនេះយើងសប្បាយចិត្ត​ណាស់​»៕