កីឡា

Arsenal ភ្លាត់ស្មើ​នៅផ្ទះ Southampton ខណៈ Newcastle ឈ្នះ Spurs ឡើងលេខ ៤

ក្រុមកាំភ្លើង​ធំ Arsenal ដែល​កំពុង​ឈរ​នៅ​កំពូលតារាងនៃ​ក្របខ័ណ្ឌ Premier League បានរបូត​ពិន្ទុទើប​តែជាលើកទី២ ក្នុងរដូវកាលនេះ ដោយធ្វើ​បាន​លទ្ធផល​ស្មើ​ដ៏​គួរ​ឱ្យ​ខក​ចិត្ត ១-១ នៅទឹកដីរបស់​ក្រុម​ Southampton ខណៈដែលក្រុម Newcastle បានឡើងទៅចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពីដាក់​ទោស​ចំពោះ​កំហុសរបស់អ្នក​ចាំទី Hugo Lloris ដោយ​ការ​យក​ឈ្នះក្រុមម្ចាស់​ផ្ទះ Tottenham Hotspur (Spurs) ២-១ កាលពីថ្ងៃអាទិត្យ។

ក្រុម Arsenal មើលទៅទំនង​ជា​រំកិលទៅ​មាន​គម្លាត ក្នុង​ការ​នាំ​មុខ​ដាច់ ៤ពិន្ទុ នៅទី​កំពូលតារាងហើយ នៅពេលដែលកីឡាករ Granit Xhaka បន្តទម្រង់លេងដ៏ល្អរបស់ខ្លួន ដោយការ​ស៊ុតគ្រាប់បាល់​នាំមុខ នៅកីឡដ្ឋាន St Mary’s ក្រោយ​ការ​ប្រកួត​ ចាប់​ផ្ដើម​បាន​ត្រឹមតែ ១១ នាទីប៉ុណ្ណោះ។

ក្រុមរបស់ Mikel Arteta បានគ្រប់គ្រងហ្គេម​ស្ទើរ​ទាំង​ស្រុង ក្នុងវគ្គទី១ ប៉ុន្តែមិនអាចទាញ​យក​ផល​ពី​ការ​មាន​ប្រៀប​របស់ខ្លួន​បាន ខណៈ​ដែល​ខ្សែប្រយុទ្ធ Gabriel Jesus បានបង្កើត​កំហុស នៅ​ពេល​មាន​​ឱកាស​ដ៏​ល្អ​ ហើយ​មិន​អាច​ស៊ុត​បន្ថែម​គ្រាប់​បាល់​នាំមុខ​បាន​​។

ចុង​ក្រោយ ក្រុម Arsenal ក៏​ត្រូវបានដាក់​ទោស​ដោយ​ក្រុម​ម្ចាស់​ផ្ទះ នៅពេលដែលកីឡាករ Stuart Armstrong បានបញ្ចប់​ទី​យ៉ាង​ស្អាត​អស្ចារ្យ ដើម្បី​ជួយ​ឱ្យ​មាន​លទ្ធផល​ស្មើ នៅ​ប្រមាណ​ជា​ ២៥នាទី មុន​ចប់​ការ​ប្រកួត ហើយ​លទ្ធផល ១-១ បន្ត​រហូត​ដល់​ចប់​ ៩០​នាទី​តែ​ម្ដង​។ ការ​ដណ្ដើម​បាន​តែ ១ពិន្ទុ​នេះ ​ធ្វើ​ឱ្យ Arsenal នាំ​មុខដាច់​តែ​ ២​ពិន្ទុប៉ុណ្ណោះ​លើ​ក្រុម២ Manchester City។

លោក Arteta បាននិយាយថា៖ «យើងពិតជាល្អណាស់នៅក្នុងវគ្គ​ទី១ ហើយបានបង្កើតឱកាសល្អ​ៗ​ជាច្រើន​ដង ដែល​យើង​បណ្ដោយ​ឱ្យ​បាត់​បង់​យ៉ាង​គួរ​សោក​ស្ដាយ​។ ជា​សំណាង​មិន​ល្អ នៅ Premier League នៅពេលដែលអ្នកធ្វើ​មិន​បាន (ស៊ុត​បញ្ចូល​ទី​មិន​បាន) អ្នកអាចទទួល​បាន​ផល​ពី​ការ​ថ្លោះធ្លោយ​នោះ​​»។

ការចាប់ផ្តើមដ៏រឹងមាំរបស់ក្រុម​ Newcastle នារដូវកាលនេះ ទទួលបានសន្ទុះកាន់​តែ​ខ្លាំងបន្ថែមទៀត ខណៈដែលពួកគេបានធ្វើឱ្យក្រុម Spurs រង​បរាជ័យក្នុងផ្ទះជាលើកដំបូង ចាប់តាំងពីខែមេសា ហើយជ័យ​ជម្នះ​នេះ នាំ​ឱ្យ​ក្រុមរបស់លោក Eddie Howe ឡើងដល់​ចំណាត់ថ្នាក់ ដែល​មាន​សិទ្ធិ​ទៅ​លេង នៅ​ក្របខ័ណ្ឌ Champions League ដោយមាន ២ពិន្ទុតាមពីក្រោយក្រុមលេខ ៣ Spurs បន្ទាប់ពីបន្តការមិនស្គាល់ចាញ់របស់ពួក​គេដល់ទៅ ៧ដង។

ខ្សែប្រយុទ្ធ Callum Wilson បានជួយឱ្យ​រក្រុម Newcastle នាំមុខនៅនាទីទី៣១ ហើយក្រុម​ភ្ញៀវ បន្ថែម​ការនាំមុខ នៅ​ ៥នាទី មុន​ឈប់​សម្រាក​វគ្គទី ១ ដែល​ទម្លុះ​សំណាញ់​ទីដោយ Miguel Almiron​។ ខ្សែប្រយុទ្ធ Harry Kane បាន​ផ្ដល់​ក្ដី​សង្ឃឹម​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ ដោយ​ការ​ធ្វើ​បាន​សម្រេច ១គ្រាប់ នៅ​នាទីទី៥៤ តែ​យ៉ាង​ណា​ក្ដី ក្រុម​ Spurs នៅ​តែ​ខក​ចិត្ត ពេលសំឡេង​កញ្ចែចុង​ក្រោយ​បន្លឺឡើង​៕