សេដ្ឋកិច្ច

ក្រុមហ៊ុន​ចិនមួយ ចង់​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​អគ្គិសនី នៅ​ខេត្តកោះកុង​

​កោះកុង​៖ ក្រុមហ៊ុន​ចិន​មួយ បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​បង្កើត​រោងចក្រ​និង​ដំឡើងរថយន្ត​អគ្គិសនី​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​បន្ទាប់ពី​មើលឃើញ​សក្តានុពល​វិនិយោគ​របស់​ខេត្ត​ជាប់​សមុទ្រ​នេះ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង កាលពី​ចុង​សប្តាហ៍​មុន លោក លីវ ឈាន់​ហ្វូ (LIU CHUANFU) អគ្គនាយក​ក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile បាន​ចាប់អារម្មណ៍ និង​មាន​គោលបំណង​បោះទុន​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ឧស្សាហកម្ម​ដោយ​នឹង​បង្កើត​រោងចក្រនិង​ដំឡើងរថយន្ត​អគ្គិសនី​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​កម្ពុជា​។​

លោកស្រី មិថុនា ភូ​ថង បាន​ស្វា​គម​ចំពោះ​គោលបំណង​បោះទុន​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ឧស្សាហកម្ម និង​បង្កើត​រោងចក្រ ដំឡើងរថយន្ត​អគ្គិសនី​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​នេះ​។​

​លោកស្រី​អភិបាលខេត្ត បាន​លើកឡើងថា​៖​ជំនួប​នេះ គឺជា​ការបើកឱកាស​មួយ​សម្រាប់​រដ្ឋបាលខេត្ត​កោះកុង ដើម្បី​កសាង​ទំនាក់ ទំនង​ល្អប្រសើរ និង​ដើម្បី​អាចឱ្យ​ក្រុមហ៊ុន​វិនិយោគ​ចិន​បាន​ឈ្វេងយល់​ពី​គោលនយោបាយ កិច្ចសហប្រតិបត្តិការ​ដីធ្លី ធនធានមនុស្ស និង​សក្តានុពល​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា ឧស្សាហកម្ម រថយន្ត​អគ្គិសនី​ក្នុង​ខេត្តកោះកុង​។​

ប្រជាជន​ប្រមាណ ៥៥,៥% ជា​កសិករ​រស់នៅ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ដែលជា​វិស័យ​ចម្បង ក្នុងការ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​ក្រៅពី​វិស័យ​កសិកម្ម នៅមាន​វិស័យ​ផ្សេងៗ​ទៀត​ដូចជា​វិស័យ​ឧស្សាហកម្ម ០,៣% វិស័យ​សេវាកម្ម ៤៤,២% ក្នុងនោះ​កម្លាំង ពលកម្ម​ដែលជា​កម្មករ កម្មការិនី បម្រើ​ការងារ​ក្នុង​រោងចក្រ សហគ្រាស និង​វិស័យ​ឯកជន​មាន​ប្រមាណ ១៥,១% នៃ​ប្រជាជន​សរុប​។​វិស័យ​រ៉ែ និង​ថាមពល បានផ្ដល់​ភាពទូលំទូលាយ ដល់​អ្នកវិនិយោគ​ទាំងឡាយ ដើម្បី​អភិវឌ្ឍ​វា​រី​អគ្គិសនី​ខ្នាតតូច និង​ជំរុញ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ប្រកបដោយ​គុណភាព​ខ្ពស់​ស្របតាម​ស្តង់ដា​អន្តរជាតិ​មាន​តម្លៃថោក​សមរម្យ និង​មាន​សេវាកម្ម​ទំនើប​គ្របដណ្តប់​ទូទាំង​ខេត្ត។

លោកស្រី បានឱ្យដឹងថា នៅកោះកុង មានវារីអគញគិសនីចំនួន៣៖១- វា​រី​អគ្គិសនី ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម មាន​អានុភាព​តម្លើង ៣៣៨​មេ​ហ្គា​វ៉ា​ត់​។២- វា​រី​អគ្គិសនី​គិរី​រម្យ​៣ មាន​អានុភាព​តម្លើង ១៨​មេ​ហ្គា​វ៉ា​ត់​ និង៣- វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​មាន​អានុភាព​តម្លើង ២៤៦​មេ​ហ្គា​វ៉ា​ត់​។​

​ក្នុង​ឆ្នាំ​២០២១ ខេត្កោះកុងត​មាន​ឧស្សាហកម្ម​ធុន​ធំ​ចំនួន ០៧​រោងចក្រ សហគ្រាស មាន​ចំនួន​កម្មករ និ​យោ​ជិ​ក​ចំនួន ១០,៨៤៣​នាក់ ដែល​ក្នុងនោះ​មាន​រោងចក្រ​តំឡើងរថយន្ត បង្គុំ​ខ្សែភ្លើង គ្រឿង​អេ​ឡិច​ត្រូ​និ​ច វាយនភ័ណ្ឌ​កាត់ដេរ សំលៀកបំពាក់ សម្ភារ​កីឡា​។​ល​។ សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម ដែលមាន​ចំនួន ៧៥៥ មូលដ្ឋាន​។

កោះកុង​ជា​ខេត្ត​ដែល​ស្ថិតនៅ​បែក​និរតី​នៃ​ប្រទេស​កម្ពុជា មាន​ចំងាយ​ប្រមាណ ២៩០​គីឡូ​ម៉ែត ពី​រាជធានី​ភ្នំពេញ ដោយមាន​ខ្សែ​ផ្លូវជាតិ​ដ៏​សំខាន់​ចំនួន​២ ក្នុង​ការតភ្ជាប់​គឺ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ លេខ​៤៨ ក្នុងនោះ​ខេត្តកោះកុង​ក៏មាន​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​ចំនួន​០១ គឺ​ព្រលានយន្តហោះ​តារា​សាគរ ស្ថិតក្នុង​តំបន់​វិស្សមកាល​តារា​សាគរ នៃ​ក្រុមហ៊ុន​យូ​ញៀន ក្នុងស្រុក​គិរីសាគរ​។​

​ក្រៅពី​ផ្លូវ គោក និង​ផ្លូវអាកាស ខេត្តកោះកុង ក៏​កំពុង​ត្រូវបាន​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ និង​ផ្លូវ​នាវាចរ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដទៃទៀត​ផងដែរ ក្នុងនោះ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម កម្ពុជា​-​ថៃ ក៏​ជា​ច្រកព្រំដែន​ដ៏​សំខាន់​មួយ​ក្នុងនោះ​ការដោះដូរ​ទំនិញ កសិកម្ម ការវិនិយោគ និង​ពាណិជ្ជកម្ម​ចម្រុះ​។ខេត្ត​បាននិងកំពុង​ធ្វើការ​ទំនាក់ទំនង និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្ត​ត្រាត ប្រទេស​ថៃ ក្នុង​ការ​បង្កើន​បរិយាកាស​កក់ក្ដៅ​សម្រាប់​ការធ្វើ​អាជីវកម្ម រវាង​ប្រទេស​ទាំងពីរ​។ បន្ថែម​លើស​នេះ​ទៀត ខេត្ត​បាន​ពង្រីក​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ខេត្ត​កា​ម៉ៅ និង​ខេត្ត​គៀន​យ៉ាង​នៃ​ប្រទេស​វៀតណាម និង​ខេត្ត​ជី​លីន ខេត្ត​យូ​ណាន នៃ​ប្រទេស​ចិន​៕​ដោយៈសិរីមតី