សេដ្ឋកិច្ច

កម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាជីវកម្ម​បរិ​យា​ប័ន្ន​អាស៊ាន​លើក​ទី ៥

​ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាជីវកម្ម​បរិ​យា​ប័ន្ន​អាស៊ាន​លើក​ទី ៥ រយៈពេល ២ ថ្ងៃ នៅ​ខេត្តសៀមរាប​។ កម្មវិធី​នេះ ក៏​នឹង​ប្រកាស​ផងដែរ​នូវ​ម្ចាស់​ពានរង្វាន់​អាជីវកម្ម​បរិ​យា​ប័ន្ន​អាស៊ាន​ឆ្នាំ ២០២២ ដើម្បី​លើកស្ទួយ​អាជីវកម្ម​បរិ​យា​ប័ន្នល្អ​នៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។​

​អាជីវកម្ម​បរិ​យា​ប័ន្នគឺជា​អាជីវកម្ម​ឈរលើ​គោលការណ៍​ធុរកិច្ចដែល​បង្កើត​ដំណោះស្រាយ​ជា​ប្រព័ន្ធមាន​ភាព​ច្នៃប្រឌិតនិង​មាន​ទ្រង់ ទ្រាយ​ ​ធំ ដែល​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​របស់​ប្រជាជន​ក្រីក្រ និង​ប្រជាជនមាន​ចំណូល​ទាប (BoP​និង B40)​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង បានឱ្យដឹងថា កិច្ចប្រជុំ​កំពូល​អាជីវកម្ម​បរិ​យា​ប័ន្ន​អាស៊ាន​លើក​ទី ៥ នេះ ធ្វើឡើង​នា​ថ្ងៃទី ២៦ និង ២៧ តុលា ក្រោម​ប្រធានបទ «​ទាំងអស់គ្នា​ដើម្បី​បរិយាកាស​អំណោយផល​ស​ម្រា​ប់​អាជីវកម្ម​បរិ​យា​ប័ន្ន​នៅ​នៅក្នុង​តំបន់​អាស៊ាន​-Together​ ASEAN IBee»​។​

​ក្រសួង​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​កំពូល​អាជីវកម្ម​បរិ​យា​ប័ន្ន​ខាងលើនេះ ត្រូវបាន​ប្រើប្រាស់​ជា​វេទិកា​មួយ សម្រាប់​កិច្ចសន្ទនា​រវាង​ភាគី​ពាក់​ព័ន្ធ​នៅក្នុង​តំបន់​អាស៊ាន ក្នុង​គោលបំណង​ចែករំលែក​នូវ​គោលនយោបាយ និង​ផែនការ​លើកស្ទួយ​អាជីវកម្ម​បរិ​យា​ប័ន្ន ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការជំរុញ​អាជីវកម្ម​បរិ​យា​ប័ន្ន និង​រួមគ្នា​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​នេះ ក៏ដូចជា​ស្វែងរក​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​»​។​

​កិច្ចប្រជុំ​កំពូល​អាជីវកម្ម​បរិ​យា​ប័ន្ន​អាស៊ាន​លើក​ទី ៥ ត្រូវបាន​បង្កើតឡើង ដោយមាន​កិច្ចសហការ ពី​លេខាធិការដ្ឋាន​អាស៊ាន អង្គការ United Nations Economic and Social Commission for Asia and the Pacific (ESCAP), Inclusive Business Action Network (IBAN), Organization for Economic Cooperation and Development (OECD) និង​អង្គការ OXFAM​៕ដោយៈផាវី