កីឡា

«The Rock» ឆ្លើយច្បាស់ៗពីក្រុម ដែល​ខ្លួនគាំទ្រ នៅ Premier League

«The Rock» ឬលោក Dwayne Johnson ​អតីតកីឡាកាស​របស់ស្ថាប័ន WWE និងដែលឥឡូវនេះ ជាតារាសម្តែងជួរមុខរបស់ហូលីវូដ និង​ដែល​​កំពុង​មាន​ភាពយន្ត​ខ្នាត​ធំ «Black Adam» បាន​ផ្ដល់​ចម្លើយ​​ថា​ លោក​គឺ​ជា​អ្នក​គាំទ្រ​របស់ Liverpool ដែល​ជា​ក្លិប​យក្ស​ នៅក្របខ័ណ្ឌ Premier League អង់គ្លេស ដោយ​ការលាត​ត្រដាង​ឱ្យ​ដឹង​នេះ នាំ​ឱ្យ​អ្នកគាំទ្រ​របស់​ក្រុម​ហង្សក្រហមញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ។

តារាសម្តែងជនជាតិអាមេរិកវ័យ ៥០ឆ្នាំ បានប្រាប់​ពី​ឈ្មោះក្លិបបាល់ទាត់ ដែលគាត់ចូលចិត្ត ក្នុង​អំឡុង​ពេលផ្ដល់​​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​កីឡា​ឈាន​មុខគេ​ talkSPORT ថ្មីៗ​នេះ ដោយមាន ​លោក Sam Ellard ជា​អ្នក​សួរ​។

-លោក Ellard៖ «តើមានក្រុមបាល់ទាត់ ដែល​អ្នក​តាម​គាំទ្រដែរទេ?»

-The Rock៖ «បាទ! មាន​»។

-លោក Ellard៖ «តើក្រុមមួយណា?»

-The Rock៖ «លោក​ក៏​ដឹងរួច​ហើយ​តើ»។

-លោក Ellard៖ «អឺណា! ប្រាប់ខ្ញុំបន្តិចមក»។

-The Rock៖ «មោទនភាពចំពោះក្រុមតំបន់ Cheshire»។

-លោក Ellard៖ «​អូ! មែនហើយ! ប្រាកដ​ជា​ Liverpool»។

-The Rock៖ «បាទ! មែន»។

-លោក Ellard៖ «តើលោក​ជាអ្នកគាំទ្រ Liverpool មែនទេ?»។

-The Rock៖ «បាទ! មែន»។

-លោក Ellard៖ «អូខេ! ពិសេស​ណាស់ ការប្រកួត កាលពីថ្ងៃអាទិត្យ (Liverpool យកឈ្នះ Manchester City ១-០) គឺជាលទ្ធផលល្អ មិន​អ៊ីចឹង​ឬ?»។

-The Rock៖ «ខ្ញុំ​ក៏ថា​បែប​ហ្នឹង​ដែរ»​។

សម្រាប់ «The Rock» បានចាប់ផ្តើមអាជីព ក្នុងវិស័យកីឡា ដោយ​ការ​ធ្វើ​ជា​កីឡាករបាល់ទាត់អាមេរិកាំង​ (American Football) ប៉ុន្តែមិនទទួល​បាន​ជោគ​ជ័យ​នោះទេ មុនពេលងាកមកចាប់​ប្រឡូក​លើ​សង្វៀនកីឡាកាស ក្នុងឆ្នាំ១៩៩៦ ដែល​​ទទួល​បាន​នូវ​ភាព​រុង​រឿង​យ៉ាង​ខ្លាំង រហូតក្លាយជាស៊ុបភើស្តារលំដាប់លេខ១ ក្នុងវិស័យ​នេះ និងឈ្នះជើងឯកពិភពលោកសរុប  ១០សម័យកាល (៨ដងជាមួយ WWE និង ២ដងជាមួយ WCW)។

បន្ទាប់​ពី​ឆ្អែត​ឆ្អន់​នឹង​កីឡា​កាស លោក Johnson បាន​ចាប់​ផ្ដើម​ចូល​ក្នុង​វិស័យ​សិល្បៈម្ដង ហើយបានសាង​កេរ្តិ៍ឈ្មោះក្នុងរឿង « The Scorpion King» (ឆ្នាំ២០០២) ដោយ​បន្ទាប់​ពី​នោះ លោកបាន​ដើរ​ជាតួឯកក្នុងរឿងល្បីៗជាច្រើន ដូចជា «Fast Five» (២០១១), «Journey 2: The Mysterious Island» (២០១២), «G.I. Joe: Retaliation» (២០១៣), Fast & Furious (២០១៣), «Hercules» (២០១៤), «Furious 7» (២០១៥), «San Andreas» (២០១៥), «Rampage» (២០១៨), «Hobbs & Shaw» (២០១៩), «Jumanji: The Next Level» (២០១៩) និងថ្មីៗបំផុតចុង​ក្រោយនេះ »Black Adam» (២០២២)៕