កីឡា

​សុបិនរបស់ Louza ​ក្នុង​ការ​ជួយម៉ារ៉ុក នៅ World Cup ត្រូវ​រលាយបាត់​

ខ្សែបម្រើអន្តរជាតិម៉ារ៉ុក Imran Louza ត្រូវបានដកឈ្មោះ​ចេញពីការប្រកួត ក្នុង​ព្រឹត្តិការណ៍ World Cup ដោយសាររបួសកជើង។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពីលោក Walid Regragui ដែល​ជា​​ទាំងកីឡាករ និងគ្រូបង្វឹករបស់​ក្រុមជម្រើសជាតិ​ កាលពីថ្ងៃសុក្រ។

កីឡាករ Louza វ័យ ២៣ឆ្នាំ ដែលធ្លាប់​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ ១០ដង បានបាក់កជើងខាងឆ្វេង ​ពេល​លេងឱ្យក្លិប Watford នៅ​ក្របខ័ណ្ឌ Championship របស់​អង់គ្លេស កាលពីថ្ងៃពុធ។ នេះ​បើ​តាម​លោក Regragui ដែល​បាន​និយាយ​ប្រាប់វិទ្យុនៅ​ប្រទេសម៉ារ៉ុក។

អតីតកីឡាកររបស់​ក្រុម​ Nantes រូប​នេះ បានបញ្ជាក់ពីការ​មាន​របួសធ្ងន់ធ្ងរ​របស់ខ្លួន ដោយការបង្ហោះរូបថតនៅលើបណ្ដាញសង្គម ដែលរូប​គេ​ត្រូវបាននាំ​ចេញពី​ទីលាន​ អំឡុងបរាជ័យ ៣-០ របស់​ក្រុម Watford នៅឯ​ទឹក​ដី​របស់​ក្រុម Millwall។

កីឡាករ Louza ដែល​កើត​នៅ​ប្រទេស​បារាំង​ បាន​សរសេរ​បង្ហាញ​ភាព​សោក​សៅ​របស់​ខ្លួននៅ​លើបណ្ដាញសង្គម Twitter ថា៖ «ដំណឹងដ៏សែន​​ពិបាក​នឹង​ទទួល​យក ក្តី​សុបិន​ដ៏​ធំ​បំផុត​មួយ​របស់​ខ្ញុំ​ បាន​រលាយ​បាត់​ហើយ។ ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ក្រោក​ឡើង​ប្រឹង​តស៊ូ​ប្រយុទ្ធនោះ​ទេ។ ខ្ញុំ​នឹង​ត្រឡប់​មក​មាន​ភាព​រឹង​មាំ​ជាង​មុន​ទៀត​ជាមិន​ខាន»។

ក្រុម​ម៉ារ៉ុក ស្ថិតក្នុងពូល F រួមជាមួយនឹងក្រុមបែលហ្ស៊ិក កាណាដា និងក្រូអាស៊ី សម្រាប់​ការប្រកួតប្រជែងនៅ​ឯ​ព្រឹត្តិការណ៍ World Cup 2022 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកាតា នាខែក្រោយ៕