សេដ្ឋកិច្ច

ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា ជួយ​ជំរុញ​ការជួញដូរ និង​បង្កើន​ទំនុកចិត្ត​ដល់​ការវិនិយោគ​

​ភ្នំពេញ​៖​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) បានរៀបចំ​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា My First Stock 2022 ជា​លើក​ទី​៥ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២២នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ភ្នំពេញ ក្នុង​គោលបំណង​ទាក់ទាញ​ការបើក​គណនី​ថ្មី ជំរុញ​ការជួញ​ដូរនិង​បណ្តុះ​គំនិត​វិនិយោគ​លើ​ភាគហ៊ុនព្រមទាំង​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន ដែលមាន​ស្រាប់ ឱ្យ​បន្ត​ជឿជាក់​មកលើ​ទីផ្សារ​ភាគ​ហ៊ុន តាមរយៈ​ការជួប​ផ្ទាល់​ជាមួយនឹង​ក្រុមហ៊ុន​ចុះបញ្ជី​។​

​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ ក្រោម​អធិបតី​បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជានិង​លោកហុង សុ​ហួរ ប្រតិភូ​​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​របស់​ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុន​ជាតិ អន្តរជាតិ និង​វិនិយោគិន​ស្ថាប័ន​ជាច្រើន​។​

តាម​រយៈពេល​ពិព័រណ៍​នេះ នឹង​ផ្តល់ឱកាស​ដល់​សាធារណជន ឱ្យបាន​យល់ដឹង​កាន់តែ​ទំ​លំ​ទូលាយ ទៅលើ​ការវិនិយោគ​ក្នុង​ទីផ្សារ ដូចជា​​ការបើក​គណនី​ជួញដូរ វិធីសាស្ត្រ​ជួញដូរ ទិន្នន័យទីផ្សារ ការពិនិត្យ​មើល​របាយ​ការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ការយល់ដឹង​ពី​ការបែងចែក​ភាគលាភ ក៏ដូចជា​ប្រធានបទ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ទាំងមូល​។​

​ក្នុង​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា ក៏មាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អន​ឡាញ​ដែល​ប្រព័ន្ធ​នេះ​ជា​ជំហាន​ថ្មី​មួយ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​អនុញ្ញាតឱ្យ​វិនិយោគិន​អាច បើក​គណនី​បាន​នៅ​គ្រប់​ទីកន្លែង អាច​សម្រួល​ដល់​វិនិយោគិន​បាន​ច្រើន និង​បង្កើន​ការជួញដូរ ក៏ដូចជា​បានបង្ហាញ​ពី​ភាព​រីកចម្រើន​មួយកម្រិត​ទៀតនៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក្នុង​ទីផ្សារ​មូល​ប​ត្រ​។​

​ទន្ទឹមគ្នានេះ ក៏មាន​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កម្មវិធី​ទូរ​សព្ទ​ផ្សារ​ហ៊ុន ជំនា​ន់ទី​២​។ កម្មវិធី​នេះ​ត្រូវបានធ្វើ​ទំនើបកម្ម ពី​កម្មវិធី​ជំនា​ន់ទី​១ ដែល​បន្ថែម​មុខងារ​ថ្មីៗ​មួយចំនួន ដែល​អនុ​ញ្ញ​ត​ឱ្យ​វិនិយោគិន កាន់តែ​អាច​ស្វែងយល់​ពី​ផ្សារភាគហ៊ុន កាន់តែ​ងាយស្រួល​។ កម្មវិធី​ជំនា​ន់ទី​២​នេះ បានប្រែក្លាយ​ទៅជា​ច្រក​សំខាន់​មួយ សម្រាប់​សាធារណជន​ក្នុងការ​ចាប់ផ្តើម​រៀន​ពី​ផ្សារ​ហ៊ុន ស្វែងរក​ក្រុមហ៊ុន​មូល​ប​ត្រ បើក​គណនី​ជួញដូរ តាមដាន​ថ្លៃ​ហ៊ុន និង​ទទួលបាន​ព័ត៌មាន​ជាច្រើន​ផ្សេងទៀត​។​

​ថ្លែង​ក្នុង​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា លោក ហុង សុ​ហួរ បាន​បញ្ជាក់ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ខិតខំ​ដាក់ចេញ​នូវ​ទំនើបកម្ម​ឌីជីថល​ជា​លំដាប់ ដូច​ជាមាន​បង្កើត​នូវ APP CSX Trade ដែល​បាន​សម្ភោ​ធ​ជា​ផ្លូវការ កាលពី​សិក្ខាសាលា​ថ្នាក់ជាតិ​ខួប​១០​ឆ្នាំ របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​, ការបង្កើត​នូវ​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អន​ឡាញ ដែលជា​ជំហាន​សំខាន់​ថ្មី របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​និង​ការធ្វើ​ទំនើប​កម្ម​នូវ​បណ្ណាល័យ​ព័ត៌មាន​រួម Phsarhun APP ជំនា​ន់ទី​២ ដែល​ផ្តល់​ភាពងាយស្រួល​កាន់តែខ្លាំង ដល់​វិនិយោគិន​របស់​យើង ក្នុងការ​ស្វែង​យល់​ពី​ផ្សារ​ហ៊ុន​។ ផ្សា​រមូល​ប​ត្រ​កម្ពុជា ក៏​នឹង​បន្ត​ខិតខំ​បន្ថែមទៀត ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​នានា ដើម្បី​សម្រួល​ដល់​វិនិយោគិន​ក្នុងការ​វិនិយោគ​។​

​លោក ស៊ូ សុជាតិ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ​ពិព័រណ៍​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ​បែបនេះ ក្នុង​គោលបំណង​លើកស្ទួយ​ការរីក​ចម្រើន នៃ​ទីផ្សារ​មូលធន​នៅ​កម្ពុជា​។​

​លោក​បន្តថា៖ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា កំពុងតែ​ស្ថិតនៅក្នុង​បរិបថ​នៃ​ការរីកចម្រើន​ដ៏​ឆាប់រហ័ស ទាំង​ផ្នែក​គតិយុត្តិ រចនាសម្ព័ន្ធ​ទីផ្សារ ក្រុមហ៊ុន​បោះផ្សាយ ក៏ដូចជា​ចំនួន​វិនិយោគិន​ជាតិ និង​អន្តរជាតិ​។ ដូចនេះ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា ខិតខំ​បន្ថែមទៀត ក្នុងការ​អភិវឌ្ឍ​ទីផ្សារ ឱ្យ​ត្រូវ​ជាមួយនឹង​សន្ទុះ​នៃ​តម្រូវការ​ទីផ្សារ​»​។​

​បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប បាន​ថ្លែងថា កម្មវិធី​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា My First Stock ឆ្នាំ ២០២២ នេះ ជា​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្នុងការ​លើកកម្ពស់​កា​រ​យល់ដឹង និង​ជំរុញ​ការសិក្សា​ស្វែងយល់ អំពី​កាលានុវត្តភាព​នៃ​ការវិនិយោគ ក្នុង​ផ្សារ​ភាគហ៊ុន​កម្ពុជា ពី​សំណាក់​សាធារណជន​។ ទន្ទឹមនេះការពង្រឹង​តម្លាភាព​,ទំនុកចិត្តនិង​ភាព​ឤ​ច​ប៉ាន់ប្រមាណ​បានជា​កត្តាចាំបាច់ ដើម្បី​​អនុញ្ញាតឱ្យ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ធ្វើដំណើរ​ទៅមុខ និង អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​។​

​លោក​បន្តថា ជាមួយនឹង​ការរីកចម្រើន​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែលមាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​កន្លង​មកនេះ ដូចជា​ការបង្កើតឡើង​នូវ កម្មវិធី​ទូរ​សព្ទ​ដៃ សម្រាប់ធ្វើ​ការជួញដូរ CSX Trade App,ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អន​ឡាញ​, ទំនើបកម្ម​កម្មវិធី​ទូរ​សព្ទ សម្រាប់​​រៀនសូត្រ Phsarhun App, ការបន្ត​ជំរុញ​ក្រុមហ៊ុន​សក្តានុពល​ឱ្យមក​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​, ការសិក្សា​អំពី​លទ្ធភាព​ក្នុងការ​បង្កើត​ផលិត​ផល​វិនិយោគ​ផ្សេងៗ និង​ការបង្កើត​យន្តការ​នានា​ដើម្បី​សម្រួល​ដល់​ការជួញដូរ ដូចជា​ការជួញដូរ​ដោយ​មិនមាន​ប្រាក់​តម្កល់​១០០%​ នឹង​ធ្វើឱ្យ​ទីផ្សារ​របស់​យើង​កាន់តែ​សកម្ម​៕ដោយៈសិរីមតី