ព័ត៌មានជាតិ

ជប៉ុនផ្ដល់ជាង៥២លានដុល្លារអាម៉េរិក លើគម្រោងជួសជុលប្រាសាទបាយ័ននៅតំបន់អង្គរ

សៀមរាប៖ រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយដែលមានទឹកប្រាក់ចំនួនជាង៥២ម៉ឺនដុល្លារ​អាម៉េរិកសម្រាប់ជួយដល់គម្រោងជួសជុលប្រាសាទបាយ័ន ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ​ឱ្យប្រសើរឡើងិវញ។

សេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជានិងស្ថានទូតជប៉ុនប្រចាំ​កម្ពុជា កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២២ ឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ជំនួយលើគម្រោង​គាំទ្រថ្មីមួយដែលមានទឹកប្រាក់ចំនួន៥២០.៨៤៧ដុល្លារអាម៉េរិក សម្រាប់ការងារជួសជុល​ប្រាសាទបាយ័ន ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលគម្រោងនេះមានឈ្មោះថា “គម្រោងគាំទ្រការទិញនិងថែទាំយានយន្តនិង ម៉ាស៊ីនធុនធ្ងន់ ព្រមទាំងការទិញសម្ភារសម្រាប់ការងារ​រក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទបាយ័នដែលទាក់ទងនឹងគម្រោង JASA។

ចាប់តាំងតែពីឆ្នាំ១៩៩៤មក រដ្ឋាភិបាលជប៉ុនបានបង្កើតក្រុមការងារមួយសម្រាប់ជួយថែរក្សាការពារ ប្រាសាទអង្គរដែលហៅកាត់ថា(JSA)។ក្រុមការងាJSA នោះបានដឹកនាំដោយលោកបណ្ឌិត តាកិស៊ិ ណាកាហ្គាវ៉ា សាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យវ៉ាសិដា ដែលជាគម្រោងមួយតាមរយៈ​អង្គការយូណេស្កូ Japan Funds in Trust សម្រាប់ការអភិរក្សវប្បធម៌បេតិកភណ្ឌពិភពលោក។

JSAបានចំណាយថវិកាសរុបប្រមាណ២៧លានដុល្លារអាម៉េរិកហើយ ចាប់តាំងពីជំហានទី១ ដល់ជំហានទី៥ ដើម្បីអនុវត្តសកម្មភាពអភិរក្សនិងជួសជុលប្រាសាទអង្គរវត្តនិងប្រាសាទបាយ័ន។ ក្នុងជំហានទី៣ កាលពីឆ្នាំ២០០៥ JSA និងអាជ្ញាធរជាតិអប្សរា កំពុងចូលរួមក្នុងគម្រោងរួមគ្នា​ដែលហៅថា ជប៉ុន-អប្សរាការពារប្រាសាទអង្គរ(JASA)។

កាលពីខែមេសាឆ្នាំ២០២២នេះ ជំហានទី៦ ក៏បានចាប់ផ្ដើមធ្វើការស្រាវជ្រាវនិងធ្វើការលើការរក្សាលំនឹង​តួប៉មកណ្ដាលនៃប្រាសាទបាយ័នជាចម្បង។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវសេចក្តីសោមនស្សរីករាយ​ចំពោះការសម្រេចចិត្តផ្ដល់ជំនួយលើគម្រោងគាំទ្រថ្មីមួយរបស់រដ្ឋាភិបាលជប៉ុននេះ ព្រមទាំង​សង្ឃឹមថាគម្រោងគាំទ្រថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តន៍ការងារអភិរក្សនិងជួសជុលប្រាសាទ​បាយ័ន ដែលកំពុងតែទ្រុឌទ្រោមឱ្យមានភាពរឹងមាំឡើងវិញបានយូរអង្វែងតទៅទៀត៕