សេដ្ឋកិច្ច

ខេត្តកំពត​នឹងមាន​ទីតាំង​ឆ្នេរ​ខ្សាច់​ថ្មី​នៅ​មាត់សមុទ្រ​

កំពត​៖​រដ្ឋបាល​ខេត្តកំពត គ្រោង​បង្កើត​ឆ្នេរសមុទ្រ​ថ្មី មួយកន្លែង​នាពេល​ឆាប់ៗ ខាងមុខនេះ នៅ​ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ទេសចរណ៍​ឱ្យបាន​កាន់តែ​សម្បូរបែប ក៏ដូចជា​ការជំរុញ​ការងារ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ឱ្យបាន​ស្អាត​សមជា​ខេត្ត​គោលដៅ​ទេសចរណ៍​ព្រមទាំង ឆ្លើយតប​តម្រូវ​ការជូន​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ទៅ​សម្រាក​ទស្សនា​កម្សាន្ត​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង ថែមទៀត ទៅ​ថ្ងៃ​អនាគត​។​

​ទាក់ទង​នឹង​គម្រោង​បង្កើត​ឆ្នេរ​ថ្មី​នេះ កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២ អភិបាលខេត្ត​កំពត​លោក ម៉ៅ ធនិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ កងកម្លាំង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ទីតាំង​គ្រោង​បង្កើត​ឆ្នេរសមុទ្រ​ថ្មី​នេះ ។​

​លោក ម៉ៅ ធនិន បានឱ្យដឹងថា គម្រោង​ខាងលើនេះ​ក៏មាន​ភ្ជាប់​ជាមួយនឹង​គម្រោង​ពង្រីក​ផ្លូវដែលមាន​ទំហំ​ទទឹង៦០​ម៉ែត្រ តាម​ដងព្រែក ដើម្បី​ឆ្ពោះទៅ​ចូលកាន់​តំបន់ឆ្នេរ​ខ្សាច់​នោះ​។ ទន្ទឹមនឹងនេះ​រដ្ឋបាល​ខេត្ត បាន​ត្រៀម​ដី​ទំហំ​ប្រមាណ ៥​ហិកតា​ជាប់​នឹង​មាត់សមុទ្រ ដើម្បី​រៀបចំ​ជា​សួន​កម្សាន្ត​ផងដែរ​។​

​តាម​ចក្ខុវិស័យ​របស់​រដ្ឋបាល​ខេត្ត គម្រោង​បង្កើត​ឆ្នេរ​ខ្សាច់​ថ្មី​នៃ​ខេត្តកំពត ពិត​ជាមាន​សារៈសំខាន់ និង​បានផ្ដល់​ផលប្រយោជន៍​ជាច្រើន ពិសេស​ការ​ផ្ដល់នូវ​ចំណូល​សម្រាប់​ខេត្ត និង​ចំណូល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​លើ សេវាកម្ម​ទេសចរណ៍ ទាំង​ការ​ស្នាក់នៅ ការហូបចុក និង​សេវាកម្ម​ផ្សេងៗ​ទៀត​៕ដោយៈផាវី