កីឡា

Ronaldo បើក​ចិត្ត ជុំវិញ​បញ្ហាក្នុង​ហ្គេម ទល់​នឹង​​ Spurs

ខ្សែប្រយុទ្ធឆ្នើម​ Cristiano Ronaldo របស់ក្រុម​បិសាចក្រហម Manchester United បានបង្ហោះសារបន្ធូរ​អារម្មណ៍នៅលើបណ្ដាញ​សង្គម Instagram របស់​ខ្លួន បន្ទាប់ពីមាន​រឿងរ៉ាវដ្រាម៉ា (រឿង​មិន​សប្បាយ​ចិត្ត) រហូត​នាំ​ឱ្យ​ក្លិប​ដក​មិន​ឱ្យ​មាន​ចំណែក​រួមក្នុងការប្រកួតជាមួយក្រុម​តោខៀវ Chelsea នៅក្របខណ្ឌ Premier League នៅ​ថ្ងៃសៅរ៍ ទី២២ ខែតុលានេះ។

កីឡាករ ដែល​គេ​ស្គាល់​ថា «CR7» បង្កើតបញ្ហា​បំបាក់​មុខ​ខ្លួន ដោយ​ត្រូវ​បាន​ចោទ​ថា បាន​​ដើរចេញពីទីលាន ហើយតម្រង់ឆ្ពោះចូលទៅក្នុងឧម្មង្គ (ច្រកចូល​ទៅ​ផ្នែក​ក្នុង​កីឡដ្ឋាន) មុនពេលបញ្ចប់ការប្រកួត ដែល​ក្រុម​បិសាចក្រហម មាន​ជ័យ​ជម្នះ ២-០ លើក្រុម Tottenham Hotspur (Spurs) នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃពុធ។

សម្រាប់ហេតុផល ដែលនាំ​ឱ្យ​ Ronaldo បញ្ចេញ​អាកប្បកិរិយាបែបនេះ មាន​ការ​លាតត្រដាង​ពី​កាសែតដ៏ល្បីល្បាញ Daily Mail នៅ​អង់គ្លេស ដែល​​ថា លោក Erik ten Hag បាន​ប្រាប់​ទៅកីឡាករ​វ័យ ៣៧ឆ្នាំ ពី​ការ​ផ្លាស់​ប្ដូរ​រូប​គេ​នៅ​ចុង​ម៉ោង ប៉ុន្តែ​រូប​គេ​សុំ​មិន​ចូល​លេង​ទេ ហើយភ្លាមៗនោះក៏ដើរចេញតែម្ដង​។ ក្រោយ​ហេតុការណ៍​នោះ ក្លិប Man United បានចេញសេចក្តីថ្លែងការណ៍ហាមកីឡាករ Ronaldo ក្នុង​ការ​រួម​ដំណើរជាមួយ​ក្រុម ដែល​ត្រូវ​ទៅសួរ​សុខទុក្ខក្រុមតោខៀវ នៅកីឡដ្ឋាន Stamford Bridge។

បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំ ពេលនេះ កីឡាករ Ronaldo បានបង្ហោះសារហូរហែថា៖ «អ្វីដែលខ្ញុំបានធ្វើពេញមួយអាជីពរបស់ខ្ញុំ គឺការព្យាយាមមាន​ជីវិតរស់នៅ ហើយ​លេងដោយមាន​ក្ដី​គោរព ចំពោះមិត្តរួមក្រុម គូប្រកួត និងគ្រូបង្វឹកគ្រប់​រូប។ រឿង​នោះមិនដែលផ្លាស់ប្តូរនោះឡើយ។ ខ្ញុំមិនដែលផ្លាស់ប្តូរទេ»។

«ខ្ញុំនៅតែជាមនុស្សដដែល និង​មាន​​វិជ្ជាជីវៈ​ដូចដើម ដូចដែល​ខ្ញុំ​ធ្វើបែប​ហ្នឹងរហូត ​២០​ឆ្នាំកន្លង​មក ​​ក្នុង​ការ​បាន​​លេង​បាល់ទាត់​កម្រិត​ខ្ពស់ ហើយ​ការគោរពចំពោះតួនាទីនៃការលេងបាល់​ទាត់​របស់ខ្ញុំ គឺ​ជារឿងសំខាន់បំផុតក្នុងការសម្រេចចិត្តរបស់ខ្ញុំ»។

«ខ្ញុំចាប់ផ្តើមអាជីពជាកីឡាករតាំងពីក្មេង។ កីឡាករ ដែលមានវ័យចំណាស់ និងមានបទពិសោធច្រើន តែងតែជាគំរូដ៏ល្អ សម្រាប់ខ្ញុំជានិច្ច ហេតុដូច្នេះហើយ ខ្ញុំតែងព្យាយាមធ្វើ​ខ្លួនឯងឱ្យ​ក្លាយ​​ជាគំរូដល់​កីឡាករ​ក្មេងៗ ដែលនឹង​មក​បន្ត​វេននៅ​គ្រប់​ៗ​ក្រុម ​ដែល​ខ្ញុំប្រកប​អាជីព​ជាមួយ​»។

«ជាសំណាង​មិនល្អ​ វាមិនតែងតែអាចទៅរួចគ្រប់​ពេល​វេលា​នោះ​ទេ ហើយ​ពេល​ខ្លះ ​អារម្មណ៍​នៅ​ពេល​វេលា​នោះ បាន​មក​​គ្រប​សង្កត់​យើង​។ ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែប្រឹង​ប្រែង​យ៉ាង​ខ្លាំង នៅ Carrington (កន្លែងហ្វឹកហាត់របស់​ Man United) ផ្ដល់​ការគាំទ្រដល់​មិត្តរួមក្រុមរបស់ខ្ញុំ និង​​ត្រៀម​​​គ្រប់​យ៉ាង ​នៅ​ពេល​មាន​ឱកាសចូល​​ទីលាន»។

«ការបង្កើនសម្ពាធ មិនមែនជាជម្រើសល្អទេ។ វាមិនដែលដូចនោះឡើយ។ នេះគឺជាក្រុម Manchester United ហើយពួក​យើងត្រូវតែឈរក្នុងសាមគ្គីភាព។ ឆាប់ៗនេះ ពួក​យើងនឹងត្រឡប់​មក​នៅរួម​គ្នាម្តងទៀត»។ សារ​បន្ថែម​ចុង​ក្រោយ​របស់​កីឡាករ Ronaldo៕