ព័ត៌មានជាតិ

អាជ្ញាធរខេត្តរតនគិរីចុះរុះរើផ្ទាំងប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រុឌ

រតនគិរី៖ផ្ទាំងប៉ាណូផ្សព្វផ្សាយធំៗក្រុមហ៊ុនស្រាបៀរគ្រុឌ ត្រូវបានអាជ្ញាធរខេត្តរតនគិរី​ចុះរុះរើចេញតាមដងផ្លូវសាធារណៈ ដោយយោងហេតុផលថាមិនបានសុំការអនុញ្ញាតត្រឹមត្រូវ។

មន្ត្រីចុះអនុវត្តបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែតុលា ក្រុមការងាររដ្ឋបាលខេត្តដឹកនាំដោយលោកកុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ត ជាមួយអាជ្ញាធរក្រុងបានលុង បានចុះរុះរើប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមិនមានច្បាប់អនុញ្ញាត ឬអស់សុពលភាពក្នុងក្រុងបានលុង។ជាមួយនោះមានផ្ទាំងផ្សព្វផ្សាយស្រាបៀរគ្រុឌផងដែរ។

លោក កុល ផាន់ណា បានប្រាប់អ្នកសារព័ត៌មានថា ការចុះរុះរើផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម  អាហ្វីស ប៉ាណូ ដែលមិនបានចុះបញ្ចីសុំសិទ្ធិផ្សព្វផ្សាយនៅអង្គភាពច្រកចេញចូលតែមួយ​របស់រដ្ឋបាលខេត្ត។ពេលនេះគឺអនុវត្តតាម ស.ជ.ណ របស់រដ្ឋបាលខេត្តឱ្យចុះពិនិត្យ និងរុះរើផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអាហ្វីស ប៉ាណូនានា ដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងភូមិសាស្រ្តខេត្តរតនគិរី។

លោកបញ្ជាក់បន្ថែមថា ដូច្នេះបើសិនជាក្រុមហ៊ុន ឬអាជីវករនានាដំឡើងនិងផ្សព្វផ្សាយ ពាណិជ្ជកម្មតាមរយៈផ្លាកយីហោ អាហ្វីសប៉ាណូគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ វានឹងធ្វើឱ្យបាត់បង់ចំណូលរដ្ឋ៕ដោយ:សុខុម