កីឡា

អតីត​កីឡាកររបស់​ Arsenal និយាយថា Haaland នឹងមិន​បាន​ល្អទេ បើគ្មាន​អ្នកជួយគាំទ្រ

លោក Paul Merson ដែល​ជា​អតី​ត​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​របស់​ក្រុមកាំភ្លើងធំ Arsenal បានលើក​ឡើង​ថា ខ្សែប្រយុទ្ធ Erling Haaland នឹងមិន​អាច​ស៊ុត​បញ្ចូល​ទីបានក្រាស់ក្រែលបែបនេះ​ឡើយ បើមិន​មាន​អ្នកបញ្ជូន​បាល់​ឱ្យ​បាន​យ៉ាង​ចំ​ៗល្អ​នោះ​ ជាឧទាហរណ៍ ប្រសិនបើកីឡាករ Haaland ទៅលេងនៅលីគ​កម្រិត​ទី៣  League Two នោះ ប្រាកដ​ណាស់ រូប​គេ​នឹងមិនអាច​ទម្លុះសំណាញ់​ទីបាន ៦០​គ្រាប់នោះទេ។

ទោះបីជាទើបតែផ្ទេរពីក្លិប Borussia Dortmund កាលពីរដូវក្តៅមុននេះ​ក៏​ដោយ ប៉ុន្តែ​កីឡាករ Haaland អាចបង្ហាញ​នូវ​ទម្រង់​លេងយ៉ាង​អស្ចារ្យជាមួយក្រុម​មេឃខៀវ Manchester City ភ្លាមៗ ដោយស៊ុតបញ្ចូលទីបាន ២០គ្រាប់ ពីការបង្ហាញខ្លួន ១៤​លើក គិត​ក្នុងការ​ប្រកួត នៅ​គ្រប់កម្មវិធី​ទាំងអស់ ដែលសមិទ្ធផល​នោះ ធ្វើឱ្យមនុស្សជាច្រើនលើក​សរសើររូប​គេថា នឹង​អាច​សាង​កេរ្តិ៍ឈ្មោះជាមួយ​នឹង​ការ​លេងនៅទឹក​ដីអង់គ្លេសបាន​ ដោយ​មិន​យូរ​ ក៏ឆាប់​។

តែ​យ៉ាង​ណា​ លោក Merson បាននិយាយថា៖ «​ក្រុម Manchester City បានឈ្នះ Premier League ៤ដង ក្នុងចំណោម  ៥រដូវកាលចុងក្រោយ។ ប៉ុន្តែដោយ​មាន​ការប្រកួតប្រជែង នៅ​ព្រឹត្តិការណ៍ World Cup ក្នុង​រដូវកាលនេះ​នោះ កីឡាករ Haaland នឹងមិនបានលេងរយៈពេលដល់​ទៅ ៦សប្តាហ៍ (ក្រុម​ជម្រើសជាតិន័រវែសមិនបានលេងនៅ World Cup 2022)»។

«រូប​គេ​​ត្រូវ​ការ​អ្នក​​ដែល​ចាំ​បញ្ជូន​បាល់​ឱ្យ​។ គ្រប់​គ្នា​តែង​តែ​និយាយ​ថា គេ​មាន​សមត្ថភាព​ពូកែ​ប៉ុនណា ​ល្អ​ប៉ុនណា ធ្វើ​ចលនា​លឿន​រហ័ស​បាន​​ល្អកម្រិតណា និង​មាន​កម្លាំង​កាយ​រឹង​មាំ​​ប៉ុនណា ប៉ុន្តែប្រសិនបើមិន​មាន​ការ​បញ្ជូន​បាល់​ចំ​ៗ​ល្អ​ទេ​នោះ រូប​គេ​ក៏​នឹងមិនបាន​ទទួល​បាល់ ហើយ​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ដែរ។ ទោះបីជារូប​គេ​ផ្លាស់ទីបានលឿន​យ៉ាងណាក៏ដោយ ប្រសិន​បើលេងនៅ League Two វិញ​នោះ ច្បាស់​ណាស់ រូប​គេ​ក៏​នឹង​មិន​មាន​ផ្លូវ​រក​បាន​ ៦០គ្រាប់ដែរ។ ខ្ញុំនិយាយនេះ ដោយសារធ្លាប់​​ធ្វើ​ជា​អ្នកចាត់ការក្រុម Walsall (២០០៣-២០០៦) នៅ​ក្របខ័ណ្ឌ​នោះកាល​ពីមុន»៕