ព័ត៌មានជាតិ

លោកឧកញ៉ា ទៀ វិចិត្រ យកសត្វអណ្តើកសមុទ្រមួយក្បាលទៅលែងក្នុងសមុទ្រធម្មជាតិវិញ

ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានទទួលសត្វ អណ្តើកសមុទ្រ(ក្រាស់)មួយក្បាលពីប្រជាពលរដ្ឋ ដើម្បីយកទៅលែងក្នុងសមុទ្រធម្មជាតិវិញ ហើយដែលជាការលើកទី១៣៤។

គ្រប់ពេលដែលនាំយកទៅលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វអណ្តើកសមុទ្រប្រភេទល្មិចឬក្រាស់ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជា សញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀលដែលកឹបលើសត្វអណ្តើកសមុទ្រ(ក្រាស់)មួយនេះគឺ KH 0801។

លោកឧកញ៉ាមានប្រសាសន៍ថា សត្វអណ្តើកសមុទ្រ ប្រភេទល្មិចឬក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ា បានរៀបចំធ្វើការកឹបសៀលរាល់ពេលមុនលែងចូលក្នុងសមុទ្រ ឬ ព្រែកទឹកប្រៃ ហើយការកឹបសៀលសម្គាល់បែបនេះមានសារសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រជាតិ អន្តរជាតិ ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើនពេលនេសាទបានសត្វអណ្តើកសមុទ្រ ប្រភេទល្មិចឬក្រាស់ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីលែងក្នុងសមុទ្រវិញ ៕