សេដ្ឋកិច្ច

ពិព័រណ៍​ការងារ​នៅ​ចុងខែ​តុលា​នេះ នឹង​ផ្តល់​ការងារ​ជាង ២ ម៉ឺន​កន្លែង ដល់​យុវជន

​ភ្នំពេញ​៖​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២២ នៅ​ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ​២០២២នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​ នឹង​ផ្តល់ឱកាស​ការងារ​ជាង​២​ម៉ឺន​កន្លែង​ដល់​យុវជន​។​ពិព័រណ៍​នេះ ប្រមូលផ្តុំ​និយោជក​ធំៗ គ្រប់​វិស័យ ប្រមាណ ១៥០ ដែល​នឹង​ប្រកាស​ជ្រើសរើស​បេក្ខជន គ្រប់មុខ​តំណែង ស្របតាម​ចំណេះ ជំនាញ និង​សមត្ថភាព​។​

​យោងតាម​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា​ព្រឹត្តិការណ៍​នេះ នឹងមាន​ការចូលរួម​ពី​វិស័យ​នាំមុខគេ​ជាច្រើន រួមមានធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​, សេវាកម្ម​លក់ដុំ និង​រាយ​, ទេសចរណ៍ និង​​បដិសណ្ឋារកិច្ច​, ម្ហូបអាហារ និង​ភេសជ្ជៈ​, អចលនទ្រព្យ​, សេវាកម្ម ព្រមទាំង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល ។​

​ពិព័រណ៍​ការងារ​ថ្នាក់ជាតិ គឺជា​អន្តរាគមន៍ ទីផ្សារការងារ​ដ៏​ធំ និង​មាន​លក្ខណៈ​ប្រមូលផ្តុំ ដែល​ត្រូវបាន​រៀបចំឡើង ក្នុង​មួយឆ្នាំ​ម្តង បន្ថែម​ទៅលើ​ការផ្តល់សេវា​ការងារ ជាប្រចាំ​ថ្ងៃ សំដៅ​ពង្រីក​ការផ្សព្វផ្សាយ បង្កើន​ការយល់ដឹង និង​ការត្រៀមខ្លួន​ចូល​ទីផ្សារការងារ ឱ្យ​កាន់តែ​ទូលំទូលាយ ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​។ ជាពិសេស ព្រឹត្តិការណ៍ ឆ្នាំ​២០២២ នេះ ត្រូវបាន​រៀបចំឡើង ដោយ​ជុំគ្នា​ផ្ទាល់​ជាថ្មី​ឡើងវិញ បន្ទាប់​ពី​ស្ថានភាព​កូ​វីដ​-១៩ បាន​ធូរស្រាល​៕ដោយៈផាវី