សេដ្ឋកិច្ច

កម្ពុជា​-​ទី​ម័​រ ចុះហត្ថលេខា​លើ MOU​ ស្តីពី ពាណិជ្ជកម្ម​អង្ករ​និង​អាកាសចរណ៍​

​ភ្នំពេញ​៖៖ កម្ពុជា​-​ទី​ម័​រ​ខាងកើត បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ឯកសារ​ចំនួន​ពីរ​ដែល​ផ្តោតលើ​កិច្ចសហការ​វិស័យ​អង្ករ​និង​អាកាសចរណ៍ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​ប្រធានាធិបតី ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស អរ​តា នៅ​វិមាន​សន្តិភាព នា​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២​។​

​ឯកសារ​ចំនួន​២​នោះ រួមមាន​៖​ទី​១៖ អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​រវាង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ លោកស្រី​បណ្ឌិត daljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​ទី​ម័​រ​ខាងកើត និង លោក ប៉ាន សូរ​សក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។​ទី​២៖ កិច្ចព្រមព្រៀង ស្ដីពី​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវអាកាស​រវាង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាង កើត និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​ដោយ លោកស្រី​ណ្ឌិ​ត Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​ទី​ម័​រ​ខាងកើត និង លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋ លេខា ធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា​។​

សូមបញ្ជាក់ថា លោក​បណ្ឌិត ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស អរ​តា វ័យ ៧២​ឆ្នាំ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២​។ ដំណើរ​ទស្សនកិច្ច​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ​៕​ដោយៈសិរីមតី