កីឡា

បិសាចក្រហម Man United លត់ ក្រុមSpurs ដែលជាក្រុមភ្ញៀវ២-០

ក្រុមបិសាចក្រហម Manchester United បង្កើតបាននូវទម្រង់លេងមួយ ក្នុងចំណោមទម្រង់លេងដ៏ល្អ​បំផុតរបស់ពួកគេ នារដូវកាលនេះ ខណៈដែលការស៊ុតបញ្ចូលទីពីកីឡាករ Fred និង Bruno Fernandes បានជួយដណ្ដើមជ័យជម្នះយ៉ាងត្រចះត្រចង់ ២-០ លើក្រុមភ្ញៀវ Tottenham Hotspur (Spurs) នៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ។

ក្រុមម្ចាស់ផ្ទះ Man United បានធ្វើការស៊ុតយ៉ាងសន្ធាប់ដល់ទៅ ១៩លើក តម្រង់ទីរបស់ក្រុម Spurs នៅវគ្គទី១ តែមិនមានគ្រាប់បាល់សូម្បី ១គ្រាប់ ដោយការព្យាយាមស៊ុតកោងរបស់កីឡាករ Antony បានបុកបង្គោលទី ហើយការស៊ុតទាត់យ៉ាងពេញកម្លាំងរបស់កីឡាករ Marcus Rashford ដែលត្រូវបានសង្គ្រោះបានយ៉ាងល្អពីអ្នកចាំទី គឺជាការស៊ុតយ៉ាងល្អបំផុត ដែលប៊ិះនឹងមានគ្រាប់បាល់​នាំមុខ។

តែទោះជាយ៉ាងណាក្ដី វាក៏មិនចំណាយពេលយូរនោះទេ ដើម្បីបំបែកភាពជាប់គាំង ក្នុងការប្រកួតនេះ ដោយការស៊ុតរបស់កីឡាករ Fred បានប្លាតផុតដៃអ្នកចាំទី Hugo Lloris របស់ក្រុម Spurs ចូលទីយ៉ាងស្អាត ដែលកើតឡើងមិនដល់ ២នាទីផង ក្នុងវគ្គទី ២ ហើយក្រុម Man United សមនឹងទទួលបាន ៣ពិន្ទុពីការប្រកួតនេះ នៅពេលដែលកីឡាករ Fernandes បន្ថែមការនាំមុខ ២-០ នៅនាទីទី៦៩។

ក្រុមម្ចាស់ផ្ទះមានឱកាសបន្ថែមគ្រាប់បាល់ទៀត ដើម្បីធ្វើឱ្យលទ្ធផលកាន់តែងាយស្រួលជាងនេះ ប៉ុន្តែ ២គ្រាប់នេះ គឺគ្រប់គ្រាន់ ក្នុងការធ្វើឱ្យក្រុមលេខ ៥ Man  United មានគម្លាតក្នុងរង្វង់ ៤ពិន្ទុពីក្រុម Spurs ដែលឈរនៅលេខ៣។

ក្រុមរបស់លោក Erik Ten Hag ធ្វើការស៊ុតដល់ទៅ ២៨ដង ក្នុងការប្រកួតនេះ ដែលជាចំនួនច្រើនបំផុតរបស់ក្រុមមួយ ក្នុងហ្គេម នៅ Premier League នារដូវកាលនេះ។ វាក៏ជាចំនួនដ៏ច្រើន ក្នុងការប្រឈមនឹងការប្រកួតនៅលីគកម្រិតកំពូលជាមួយក្រុមក្រោម​ការដឹកនាំរបស់លោក Antonio Conte ដោយនេះជាការប្រកួតក្នុងលីគលើកទី៣១៨ ដែលគាត់បានដឹកនាំ រវាងនៅ Serie A និង Premier League៕