កីឡា

Zaha ព្រលយពាក្យចង់ផ្លាស់ទៅ Liverpool

ខ្សែប្រយុទ្ធ Wilfried Zaha របស់ក្រុម Crystal Palace មានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុម​ហង្សក្រម Liverpool ដែលជាក្រុមគូប្រជែង នៅក្របខ័ណ្ឌ Premier League នារដូវក្តៅឆ្នាំក្រោយ។

កីឡាករឆ្នើមរបស់ទ័ព (ក្រុម)  «The Eagles» (ឥន្ទ្រី) សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងរដូវកាលនេះ ហើយទាំងនោះធ្វើឱ្យរូបគេ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិបធំៗជាច្រើន ក្នុងប្រទេសអង់គ្លេស។

កីឡាករអន្តរជាតិកូតឌីវ័រ នឹងផុតកុងត្រាជាមួយក្លិប Palace ក្រោយចប់រដូវកាល ២០២២-២០២៣ ដែលនាំឱ្យកីឡាកររូបនេះ ចាប់ផ្ដើមមានព័ត៌មានផ្សារភ្ជាប់ជាមួយក្លិបផ្សេងៗ ដូចជាតោខៀវ Chelsea កាំភ្លើងធំ Arsenal មាន់ខ្នាយមាស Tottenham Hotspur និងថ្មីៗចុងក្រោយនេះ ក្រុម Liverpool។

បើយោងតាមបណ្ដាញសារព័ត៌មាន CalcioMercato នៅអ៊ីតាលី កីឡាករ Zaha ដែលធ្លាប់លេងឱ្យក្រុមបិសាចក្រហម Manchester United ចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៥ ចង់ផ្លាស់ទៅប្រកបអាជីពនៅទឹកដី Anfield។

ប្រសិនបើកីឡាករ Zaha ពិតជាផ្លាស់មកកាន់ក្រុមហង្សក្រហមមែននោះ លោក Jurgen Klopp នឹងមានជម្រើសនៅតំបន់ប្រយុទ្ធបន្ថែមទៀត ហើយលើសពីនេះទៀត ក្លិបថែមទាំងមិនចាំបាច់ចំណាយប្រាក់ឱ្យក្រុម Palace សូម្បី ១សេន ដោយសារកីឡាកររូបនេះ នឹងក្លាយជាកីឡាករឥតតម្លៃខ្លួន (ឥតជាប់កុងត្រា) នារដូវក្តៅឆ្នាំក្រោយ៕