កីឡា

Schalke បញ្ចប់តំណែងរបស់លោក Frank Kramer

ក្រុម Schalke នៅក្របខ័ណ្ឌ Bundesliga បានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកលោក Frank Kramer កាលពីថ្ងៃពុធ បន្ទាប់ពីក្រុមបានចាញ់ក្រុម Hoffenheim ៥-១ សម្រាប់ការប្រកួត ក្នុងកម្មវិធី German Cup ។

បន្ថែមពីលើការធ្លាក់ចេញពីកម្មវិធីខាប់ កាលពីថ្ងៃអង្គារ ក្រុម Schalke បានឈ្នះតែម្តងគត់ ក្នុងចំណោម ១០ហ្គេម និងកំពុងឈរនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាងពិន្ទុ Bundesliga បន្ទាប់ពីការវិលត្រឡប់របស់ពួកគេមកកាន់ Bundesliga វិញ ក្រោយពីឈ្នះជើងឯក នៅក្របខ័ណ្ឌកម្រិតទី ២ កាលពីរដូវកាលមុន។

ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ក្លិបបានថ្លែងអំណរគុណដល់លោក Kramer សម្រាប់ការបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ និងការខិតខំប្រឹងប្រែងរបស់គាត់។

ដោយជាប្រពៃណីមួយរបស់ក្រុមគីឡូធ្ងន់ នៅ Bundesliga នេះ ក្រុម Schalke មិនមែនជាក្រុមចម្លែក ក្នុងការផ្លាស់ប្តូរគ្រូបង្វឹក នារដូវកាលថ្មីៗនេះឡើយ។ គិតចាប់តាំងពីលោក Domenico Tedesco ដែលបានដឹកនាំក្រុម Schalke ឱ្យឡើងទៅលេង នៅក្របខ័ណ្ឌ Champions League ត្រូវបានបញ្ចប់តួនាទី ក្នុងខែមីនា ឆ្នាំ២០១៩ ក្រុមម្ចាស់ជើងឯក ក្នុងកម្មវិធី German Cup ៥សម័យកាល មានគ្រូបង្វឹកដល់ទៅ ៨រូបផ្សេងគ្នា។

លោក Kramer ត្រូវបានតែងតាំង កាលពីដូវក្តៅ ដោយចូលកាន់តំណែងជំនួសគ្រូបង្វឹកបណ្ដោះអាសន្ន លោក Mike Bueskens ដែលបានដឹកនាំក្រុមឈ្នះ ៨ដង ក្នុងចំណោម ៩ប្រកួត ដើម្បីធានាសិទ្ធិនៃការបានឡើងមកកាន់លីគលំដាប់ទី១ វិញ បន្ទាប់ពីចំណាយពេលត្រឹមតែ ១ឆ្នាំ នៅលីគកម្រិតទី ២។ លោកគឺជាគ្រូបង្វឹកទី៣ នៅ Bundesliga ដែលត្រូវបានដកតំណែង នារដូវកាលនេះ បន្ទាប់ពីលោក Thomas Reis របស់ក្រុម Bochum និងលោក Pellegrino Matarazzo របស់ក្រុម Stuttgart៕