ព័ត៌មានជាតិ

ប្រទះឃើញបំណែកព្រះកេសអសុរាមួយទៀតនៅប៉ែកខាងកើតខ្លោងទ្វារទន្លេអុំ

ក្រុមមន្ត្រីអាជ្ញាធរជាតិអប្សរា ដែលចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ បានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយកាលពីរសៀលថ្ងៃទី២០ខែតុលា ឆ្នាំ២០២២។

ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ របស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃ អាជ្ញាធរជាតិអប្សរា លោកឈូក សុម៉ាឡា បានឱ្យដឹងថា ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរានេះ គឺជាអតីតកន្លែងតូបលក់ដូរវត្ថុអនុស្សាវរីយ៍ របស់អាជីវករដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ។ ក្រោយពីផ្លាស់ប្តូរតូបលក់ដូរទៅទីតាំថ្មី នៅចំណត Drop off ទល់មុខនិងភ្នំបាខែងមក ក្រុមការងារក៏បានចុះទៅសំអាតទីតាំងចាស់នោះ ឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ ហើយក៏បានប្រទះឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រនេះ ។

លោកឈូក សុម៉ាឡា ឱ្យដឹងទៀតថាដំបូងឡើយ ក្រុមការងារបានជីកកាយដីជម្រៅប្រមាណពី៤ទៅ៥តឹក ក៏ប្រទះឃើញបំណែកថ្មបុរាណចំនួន៣ផ្ទាំង បន្ទាប់មកក្រុមការងារក៏បានយកទៅលាងសម្អាតនិងផ្គុំគ្នា ក៏បានកើតទៅជាព្រះកេសអសុរាតែមួយ។ ព្រះកេសអសុរា ធ្វើពីថ្ម ដែលគេប្រទះឃើញនេះ គឺជារចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នានឹងខ្លោងទ្វារយក្សទាញព្រ័ត្រ នៅតាមខ្លោងទ្វារទាំង៤ទៀតនៃក្រុងអង្គរធំដែរ។

បច្ចុប្បន្ន ព្រះកេសអសុរាធ្វើពីថ្មភក់នេះ គឺក្រុមការងារបានសហការជាមួយនគរបាលការពារបេតិកភណ្ឌ រួមទាំងភ្នាក់ងារសណ្តាប់ធ្នាប់និងប្រតិបត្តិការ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីលាងសម្អាតនិងជួសជុលតាមបច្ចេកទេសឱ្យបានត្រឹមត្រូវហើយក្រុមការងារក៏នឹងសិក្សាដើម្បីស្វែងរកតាំងដើមនៃចម្លាក់នោះ មុននឹងយកទៅដាក់នៅទីតាំងឡើងវិញ។

មន្ត្រីអាជ្ញាធរជាតិអប្សរា ឱ្យដឹងថាតាមការអះអាងរបស់អ្នកភូមិ គឺកន្លែងដែលគេប្រទះឃើញព្រះកេសអសុរានេះ គឺជាជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំ កាលពីសម័យបារាំង។

បច្ចុប្បន្នតាមការពិនិត្យនៅទីតាំងនោះជាក់ស្តែង ឃើញថាមាននៅសេសសល់បំណែកដៃ ជើង ដងខ្លួននាគ ដែលបំណែករបស់រូបចម្លាក់ទេវតាឬអសុរាទាញព្រ័ត្រនៅខ្លោងទ្វារទន្លេអុំខ្លះៗ។ អាជ្ញាធរជាតិអប្សរាមានគំរោងនឹងធ្វើកំណាយស្រាវជ្រាវនៅទីតាំងដែលបានប្រទះឃើញព្រះកេសអនុសរានោះ នៅពេលខាងមុខ ដើម្បីសិក្សាបន្ថែមឬក៏អាចប្រទះឃើញអ្វីខ្លះទៀត៕