ព័ត៌មានជាតិ

ជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម ដែលជាប្រាសាទព្រៃដ៏ល្បីល្បាញ

ក្រុមអ្នកបុរាណវិទ្យា របស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទតាព្រហ្ម ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង នឹងគ្រោះថ្នាក់ជាយូរមកហើយ។

គិតមកដល់ត្រឹមពាក់កណ្ដាលខែតុលា ឆ្នាំ២០២២នេះ គម្រោងជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទ តាព្រហ្ម សម្រេចបានប្រមាណ៣៥ភាគរយហើយ ។

មន្រ្តីផ្នែកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាបង្ការលោកស្រី   នេត ស៊ីម៉ន ឲ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មមានការវិវត្ត ច្រើន បើទោះបីជាមាន ការរាំងស្ទះខ្លះៗដោយសារភ្លៀងក្ដី។

លោក ស្រីបាន ឱ្យដឹងបន្ថែមថា នៅពេលមុនជួសជុល ស្ថានភាពរបស់ខ្លោងទ្វារខាងកើតនៃ ប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោមខ្លាំង ដោយតួខ្លោងទ្វារនេះបានទ្រេតប្រឈមនឹង គ្រោះថ្នាក់ខ្ពស់ដល់ភ្ញៀវទេសចរ។

ការជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មនេះ អាជ្ញាធរជាតិអប្សរា បានធ្វើសហប្រតិបត្តិការជាមួយស្ថាប័នបុរាណវិទ្យាឥណ្ឌា និងមានការយល់ព្រមពី គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដោយចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០២២មក។

សកម្មភាពជួសជុលនេះ គឺត្រូវរើថ្មទាំងអស់ចេញសិន  ដើម្បីជួសជុលនិងពង្រឹងខាងក្រោម ឱ្យរឹងមាំជាមុន រួចហើយទើបរៀបថ្មឡើងវិញ។ ប៉ុន្តែដោយសារតែស្ថានភាពថ្មមួយចំនួនតូច មានភាពពុកផុយ និងខ្លះបានបាត់ ក្រុមអ្នកជំនាញក៏តម្រូវឱ្យប្រើប្រាស់ថ្មថ្មី ក្នុងកម្រិតតិចតូច ដើម្បីដាក់ជំនួសថ្ម ពុកនិងបាត់។

ដំណើរការជួសជួលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ។

គួរបញ្ជាក់ដែរថា ប្រាសាទតាព្រហ្មកសាងឡើង ដោយព្រះបាទជ័យវរ្ម័នទី៧ នៅឆ្នាំ១១៨៦​នៃគ្រិស្តសករាជ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ ប្រាសាទនេះរុំព័ទ្ធ​ទៅដោយដើមឈើធំៗដុះលើប្រាសាទមានភាពស្រស់បំព្រង។ពេលបច្ចុប្បន្នទាំងភ្ញៀវជាតិ និងអន្តរជាតិ ចូលចិត្តទៅទស្សនាដើម្បីស្រាវជ្រាវថ្មនិងវត្ថុបុរាណដែលប្រាសាទនេះកើតតាំងពី សតវត្សរ៍ទី១៣ គឺក្រោយប្រាសាទអង្គរវត្តបន្ដិច៕