សេដ្ឋកិច្ច

ជប៉ុន ផ្ដល់ជំនួយ​ជាង ៥២​ម៉ឺន​ដុល្លារ សម្រាប់​ជួសជុល​ប្រាសាទបាយ័ន​

ភ្នំពេញ ៖​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​របស់ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៩ តុលា បានឱ្យដឹងថា «​រដ្ឋាភិបាល​ជប៉ុនបានសម្រេច​ចិត្ត ផ្ដល់ជំនួយ លើ​គម្រោង​គាំទ្រ​ថ្មី​មួយ ដែលមាន​ទឹក ប្រាក់​ចំនួន ៥២០,៨៤៧​ដុល្លារ​អាមេ រិក សម្រាប់​ការងារ​ជួសជុលប្រាសាទបាយ័ន​ក្នុង​តំបន់​រមណីយដ្ឋា​ន​ប្រវត្តិសាស្ត្រ​អង្គរដែល​គម្រោង​មាន​ឈ្មោះថាគម្រោង​គាំទ្រ​ការទិញ និង​ថែទាំ​យានយន្តនិង​ម៉ាស៊ីន​ធុន​ធ្ងន់ព្រមទាំង​ការទិញ​សម្ភារៈ​សម្រាប់​ការងារ​រក្សា​លំនឹង​តួ​ប៉មកណ្តាល​នៃ​ប្រាសាទបាយ័ន​ដែល​ទាក់ ទង​នឹង​គម្រោង JASA»​។​

សូមបញ្ជាក់ថា នៅ​ឆ្នាំ​១៩៩៤ រដ្ឋាភិបាល​ជប៉ុន បាន​បង្កើត​ក្រុម​រដ្ឋាភិបាល​ជប៉ុន(JSA)​សម្រាប់​ការថែរក្សា​ការពារ ប្រាសាទ​អង្គរ​។​JSA ត្រូវ បាន​ដឹកនាំ​ដោយលោក​បណ្ឌិត ណា​កា​ហ្គា​វ៉ា សាស្ត្រាចារ្យ កិត្តិយស​នៃ​សាកលវិទ្យាល័យ​វា​យិ​ដាដែលជា​គម្រោង​មួយតាម រយៈអង្គ ការ​ យូណេស្កូJapan Funds in Trust សម្រាប់​ការអភិរក្ស​វប្បធម៌បេតិកភណ្ឌ​ពិភពលោក​។JSA​បាន​ចំណាយ​ថវិកា​សរុបប្រមាណ ២៧​លាន​ដុល្លារ​អាមេរិក ចាប់ពី​ជំហាន​ទី​១ ដល់​ជំហាន​ទី​៥ ដើម្បី​អនុវត្ត​សកម្មភាព​អភិរក្ស និង​ជួសជុល​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន ។​

​លើសពីនេះ ចាប់តាំងពី​ជំហាន​ទី​៣ ក្នុង​ឆ្នាំ​២០០៥ JSA និង អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​ចូលរួម​ក្នុង​គម្រោង​រួមគ្នា ដែល​ហៅថា ជប៉ុន​-​អប្សរា​ការពារ ប្រាសាទ​អង្គរ​(JASA)​។ នៅ​ខែមេសា​ឆ្នាំនេះ ជំហាន​ទី​៦ បានចាប់ផ្ដើម​ធ្វើការ ស្រាវជ្រាវ និង​ធ្វើការ លើ​ការរក្សា​លំនឹង​តួ​ប៉ម​កណ្ដាល នៃ​ប្រាសាទបាយ័ន​ជា​ចម្បង​។​

​ក្រសួង​វប្បធម៌ និង​ស្ថានទូត​ជប៉ុន ក៏បាន​សង្ឃឹមថា គម្រោង​គាំទ្រ​ថ្មី​នេះ នឹង​រួមចំណែក​ដល់​ការ អនុវត្ត​ការងារ​អភិរក្ស និង​ជួស ជុល​ប្រាសាទបាយ័ន ដែលជា​ប្រាសាទ​ដ៏​សំខាន់បំផុត​មួយ នៅក្នុង​រមណីយដ្ឋាន ប្រវត្តិសាស្ត្រ​អង្គរ ៕​